មានការរាយការណ៍ថា ក្លិប Chelsea បានសម្រេចចិត្តមិនអនុញ្ញាតអោយខ្សែការពារ Tosin Adarabioyo ចូលរួមជាមួយ West Ham United ក្នុងទីផ្សារដោះដូរកីឡាករខែមករានោះទេ។
កីឡាករអង់គ្លេស បានចូលរួមជាមួយ Chelsea ពី Fulham ក្នុងការផ្ទេរដោយមិនមានតម្លៃខ្លួនកាលពីរដូវក្តៅ ។
សម្រាប់ West Ham United ហាក់បីដូចជាមានការចាប់អារម្មណ៍លើការផ្លាស់ប្តូរមួយសម្រាប់ Adarabioyo ប៉ុន្តែគ្រូបង្វឹក Chelsea លោក Enzo Maresca ទំនងជាបានសម្រេចចិត្តយ៉ាងរហ័សថា លោកចង់រក្សាកីឡាករក្នុងក្រុមបច្ចុប្បន្ន ខណៈពួកគេកំពុងមានលទ្ធផលល្អប្រសើរ ។
West Ham អាចធ្វើបានយ៉ាងល្អក្នុងការបន្ថែម Adarabioyo ជាជម្រើសមួយផ្សេងទៀតនៅតំបន់ការពារខាងក្រោយបន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ពិបាករបស់ពួកគេ ប៉ុន្តែវាហាក់ដូចជាក្រុមញញួរយក្សនឹងត្រូវរកមើលកីឡាករផ្សេងហើយ។
ការសម្រេចចិត្តរក្សាទុក Tosin Adarabioyo បានទទួលការពេញចិត្តពីអ្នកគាំទ្រ Chelsea ដើម្បីជាការរក្សាតុល្យភាពក្នុងក្រុមដែលមានការប្រកួតប្រជែងដ៏វែងឆ្ងាយ និង មមាញឹក។
ទោះបីជា កីឡាករវ័យ ២៧ ឆ្នាំ មិនបានលេងច្រើនសម្រាប់ Chelsea ក្នុងក្របខណ្ឌ Premier League ក៏ពិតមែន ប៉ុន្តែ រូបគេមានឱកាសកាន់តែច្រើននៅក្នុងការប្រកួត Europa Conference League ហើយនោះក្លាយជារឿងសំខាន់របស់គេ។
គ្រូបង្វឹកលោក Enzo Maresca នឹងមិនចង់ពឹងផ្អែកលើកីឡាករដដែលជារៀងរាល់ ២-៣ ថ្ងៃនោះទេ ដូច្នេះជម្រើសក្នុងការបង្វិលនៃការប្រើប្រាស់កីឡាករទៅមក អាចជាគន្លឹះក្នុងការរក្សាក្រុមរបស់លោកអោយនៅតែរឹងមាំ និងផ្ដោតលើការប្រជែងដណ្តើមពានរង្វាន់បាន។
កន្លងមកមានការជឿជាក់តិចណាស់ថា Chelsea អាចរក្សាការប្រកួតប្រជែងកម្រិតខ្ពស់បាន ប៉ុន្តែលទ្ធផលនារយៈកាលចុងក្រោយបានបង្ហាញថា ក្រុមតោខៀវ អាចប្រកួតប្រជែងជាមួយក្រុមធំៗដូចជា Liverpool, Arsenal និង Man City ហើយពួកគេមានឱកាសយ៉ាងពិតប្រាកដ។
Adarabioyo ប្រហែលជាមានតួនាទីលេងប្រសិនបើ ក្រុមត្រូវផ្តល់ពេលវេលាអោយខ្សែការពារផ្សេងទៀតបានសម្រាកក្នុងការប្រកួតពានរង្វាន់អឺរ៉ុបនៅពាក់កណ្តាលសប្តាហ៍ ខណៈដែលរូបគេក៏ជាជម្រើសបម្រុងដែលអាចទុកចិត្តបានក្នុងករណីមានរបួសឬការព្យួរ៕