×

លោក Ruben Amorim រីករាយក្រោយ Man UTDផ្តួល Man City

ជំនួបដ៏ធំ Manchester Derby ប្រចាំក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ ដែលជាការជួបគ្នារវាងក្រុម Man City ទល់នឹងក្រុម Man UTD បានបញ្ចប់ទៅដោយក្រុម Man UTD បានវាយបកឈ្នះក្រុម Man City តាមរយៈលទ្ធផល ២-១។

ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Etihad នោះ ក្រុមម្ចាស់ផ្ទះ Man City និងក្រុមភ្ញៀវ Man UTD មានទម្រង់លេងប្រដំប្រសងគ្នា ហើយស្ថិតិនៃការគ្របគ្រងបាល់ និង ឱកាសនៃការស៊ុតបាល់ក៏មានប្រហាក់ប្រហែលគ្នាដែរ។ លេងបាន៣៦នាទី ក្រុមមេឃខៀវ បានរកគ្រាប់នាំមុខមុនដោយ Joško Gvardiol ដែលការមានគ្រាប់បាល់បញ្ចូលទីតែ១លើកគត់ក្នុងវគ្គទី១នេះ។

ចូលដល់វគ្គទី២ ក្រុមទាំងសងខាងនៅតែវាយសម្រុកមិនដកជើង ប៉ុន្តែមិនមានក្រុមណាមួយអាចរកគ្រាប់បាល់បានទេនៅដើមវគ្គ។ យ៉ាងណា ចូលមកដល់ចុងម៉ោង ក្រុមបិសាចក្រហម បានបង្កើនការវាយសម្រុកហើយនាទី ៨៨ កីឡាករក្រុម Man City Matheus Nunes បង្កកំហុសលើ Amad Diallo ដែលនាំអោយក្រុម Man UTD ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ។ គ្រាប់បាល់នោះក៏ត្រូវបានស៊ុតបញ្ចូលទីបានសម្រេចដោយ Bruno Fernandes ដើម្បីតាមស្មើ។ នាទី៩០ Man UTD ក៏ធ្វើបានសម្រេច១គ្រាប់ទៀត ដែលជាការស៊ុតរបស់ Amad Diallo។ រីឯក្រុម Man City វិញ ក្នុងវគ្គទី២នេះ មិនអាចធ្វើអ្វីបាននោះទេ ដែលធ្វើអោយពួកគេត្រូវរងបរាជ័យសាជាថ្មី។

ចំពោះ ឈ្នះការប្រកួតទល់ Man City ក៏ជាការឈ្នះលើកទី២ របស់លោក Ruben Amorim ដែលបានប៉ះក្រុមដឹកនាំដោយលោក Pep Guardiola ចាប់តាំងពីបុរសវ័យ ៣៩ឆ្នាំ ដឹកនាំ Sporting CP ផ្តួលក្រុមមេឃខៀវម្តងរួចមកនៅក្នុងជំនួបពានរង្វាន់ UEFA Champions League កាលពីខែសីហា។

ក្រោយពីកូនក្រុមបានបង្កភាពភ្ញាក់ផ្អើលខ្លាំងនៅក្នុងការប្រកួត Manchester Derby រួចមក លោក Ruben Amorim បានបង្ហាញក្តីរំភើបខ្លាំង និងថែមទាំងនិយាយថា លោកបានជឿជាក់រួចទៅហើយថានឹងឈ្នះការប្រកួត ហើយសរសើរកូនក្រុមថាស័ក្តិសមនឹងទទួលការឈ្នះនោះ។

លោក Ruben Amorim បាននិយាយក្រោយចប់ការប្រកួតថា “វាពិតជាអស្ចារ្យខ្លាំងណាស់ ខ្ញុំគិតថាយើងស័ក្តិសមនឹងការឈ្នះនេះ វាគឺជាការប្រកួតដ៏តានតឹងមួយ ប៉ុន្តែយើងបានជឿជាក់រហូតដល់ទៅបញ្ចប់ថានឹងអាចស៊ុតបាល់បញ្ចូលទី។ យើងអាចធ្វើបានសម្រេចគ្រាប់បាល់ យើងត្រូវឈ្នះពីប្រកួតនេះ វាជារឿងសំខាន់សម្រាប់យើងបំផុត និងសម្រាប់អ្នកគាំទ្រ។ ខ្ញុំក៏ជឿជាក់ ដែលថាយើងមានពេលគ្រប់គ្រាន់ ដើម្បីធ្វើរឿងរ៉ាវដ៏អស្ចារ្យជាច្រើនរួមគ្នា ពេលនេះគឺជាថ្ងៃដ៏រីករាយសម្រាប់យើង។”

ផ្តួល Man City មិនត្រឹមតែជាការផ្តួលលើកទី២ នៅក្លិប ២ ផ្សេងគ្នារួមមាន Man City, Sporting CP នោះឡើយ សម្រាប់លោក Ruben Amorim ប៉ុន្តែក៏ជាជ័យជំនះលើកទី២ របស់លោកនៅក្នុងជំនួបក្របខណ្ឌ Premier League។ យ៉ាងណានៅក្នុងចំណាត់ថ្នាក់នៃលីគកំពូលអង់គ្លេស ក្រុម Man UTD គឺស្ថិតនៅចំណាត់ថ្នាក់លេខ ១៣ដដែល ដោយរកបានចំនួន ២២ពិន្ទុ ក្នុងដៃ ខណៈក្រុម Man City គឺបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មានចំនួន ២៧ពិន្ទុក្នុងដៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង