×

លោក Ole Gunnar Solskjaer ជាបេក្ខភាពឈានមុខ គ្រូបង្វឹកថ្មី Wolverhampton

អតីតគ្រូបង្វឹក Man UTD លោក Ole Gunnar Solskjaer បានក្លាយជាបេក្ខភាពឈានមុខគេ ក្នុងការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Wolverhampton Wanderers ។

ជាការពិត ក្លិបរហ្សនាមចចកព្រៃ ទើបតែសម្រេចបណ្តេញលោក Gary O’Neil ចេញពីតំណែងគ្រូបង្វឹក ក្រោយពីក្រុមបានប្រកួតចាញ់ក្រុម Ipswich ដោយលទ្ធផល ២-១ នៅជំនួបក្របខណ្ឌ Premier League កាលពីពេលថ្មីៗនេះ។

នោះជាការបរាជ័យ ៤លើកជាប់ៗគ្នានៅក្របខណ្ឌ Premier League របស់ក្រុម Wolverhampton ខណៈឆ្លងកាត់ ការប្រកួត១៦លើក មកនេះ ពួកគេឈ្នះ២ ដង ស្មើ៣ដង ចាញ់១១ដង មាន៩ពិន្ទុឈរលេខ១៩ក្នុងតំបន់កាត់ចោល។ លទ្ធផលអាក្រក់បែបនេះទើបបានធ្វើអោយ Wolverhampton Wanderers សម្រេចបណ្តេញលោក Gary O’Neil ចេញពីតំណែងតែម្តង។

មកទល់ពេលនេះ មានបេក្ខភាពច្រើនរូបដែល Wolverhampton សម្លឹងមើលឃើញ ដោយក្នុងនោះមាន អតីតគ្រូបង្វឹក Chelsea លោក Graham Potter និង លោក Ole Gunnar Solskjaer អតីតគ្រូបង្វឹក Man UTD ផងដែរ។ យ៉ាងណាមិញ ប្រភពពីសារពត៌មាន Caught Offside បានអោយដឹងថា លោក Ole Gunnar Solskjaer គឺជាបេក្ខភាពឈានមុខគេ ដែល Wolverhampton ចង់បាន ខណៈការប្រកួតរបស់ក្រុមនាពេលកន្លងទៅ គេក៏សង្កេតឃើញមានវត្តមានរបស់បុរសវ័យ៥១ឆ្នាំនៅកីឡដ្ឋាន Molineux ដែរ។

លោក Ole Gunnar Solskjaer មិនមានក្លិបដឹកនាំទេ ចាប់តាំងពីត្រូវបញ្ចប់តំណែងនៅ Man UTD តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ក្រោយដឹកនាំក្រុមបិសាចក្រហមបាន៣ឆ្នាំ។ បុរសជនជាតិន័រវេសរូបនេះ មិនសូវមានភាពស៊ីជម្រៅនៅកីឡដ្ឋាន Old Trafford ប៉ុន្តែមានភាពវិជ្ជមានក្នុងការចំណាយពេលជាមួយក្លិប Man UTD ។

លោក Solskjaer មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយកីឡាករ ហើយមនុស្សជាច្រើនបាននិយាយពីភាពវិជ្ជមានរបស់លោក ពេលនៅ Man UTD ។ អតីតខ្សែប្រយុទ្ធរូបនេះ គឺជាគ្រូបង្វឹកល្អមួយរូប ដែល Wolverhampton ចង់បានមកកាន់តំណែង ដើម្បីសម្របសម្រួលបញ្ហាជម្លោះរបស់កីឡាករក្នុងក្រុមក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។ ទោះបីជាលោក Solsjkaer មិនបានជួយ Man UTD ឈ្នះពានរង្វាន់ក៏ពិតមែន ប៉ុន្តែលោកតែងតែមានការគាំទ្រពីកីឡាករ។

លោក Solsjkaer បានបញ្ចប់ពេលវេលានៅទឹកដី Old Trafford ជាមួយនឹងភាគរយឈ្នះ ៥៤,២ ភាគរយ ដែលច្រើនជាងលោក David Moyes និង Louis van Gaal ទៅទៀត។ លោក Solskjaer និង Wolves អាចមានការសហការគ្នាយ៉ាងល្អមួយ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង