
ទីបំផុតក្រុម Leicester City ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ruud van Nistelroy បានស្គាល់ពាក្យចាញ់ជាលើកដំបូងហើយក្រោយទទួលជ័យជំនះ និងយ៉ាងហោចណាស់ស្មើជាច្រើនរួចមក។
ជាក់ស្តែង ការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅនេះ Leicester City ត្រូវប៉ះជាមួយនឹង Newcastle United នៅក្នុងទឹកដី St James’ Park ហើយជាលទ្ធផលក្រុមម្ចាស់ផ្ទះ Newcastle United បានលត់ក្រុមភ្ញៀវ Leicester City ក្នុងលទ្ធផលដល់ទៅ៤ទល់នឹង០ មិនអោយតដៃរួចឡើយ។
គ្រាប់បាល់ដំបូងរបស់ Newcastle United ធ្វើបានដោយ Jacob Murphy នាទីទី៣០ នៃវគ្គទី១។ គ្រាប់បាល់ជាបន្ត ៣គ្រាប់បន្ថែម របស់ក្រុមសារិការព្រៃធ្វើបាននៅវគ្គទី២ ដោយ Bruno Guimarães នៅនាទី៤៧ Alexander Isak នៅនាទី ៥០ និង Jacob Murphy ធ្វើបាន១គ្រាប់ទៀត នៅនាទី៦០ ដើម្បីឈ្នះការប្រកួតទាំងស្រុង។
នេះជាការចាញ់លើកដំបូងរបស់លោក Ruud van Nistelroy ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Leicester City ក្រោយឆ្លងកាត់ការដឹកនាំ ៣ប្រកួត ឈ្នះ១ ស្មើ ១ រួចមក។ យ៉ាងណា ទោះរងបរាជ័យក៏ពិតមែនលោក Ruud van Nistelroy នៅតែអះអាងថា នេះគឺជាជំហានសំខាន់មួយក្នុងការអភិវឌ្ឈក្រុមថ្មីថ្មោរបស់លោក។
គ្រូបង្វឹក វ័យ៤៨ឆ្នាំ បានអោយដឹងដូច្នេះ “ វាជាបញ្ហាប្រឈមដ៏ធំមួយក្នុងការមកទីនេះ ហើយប្រសិនបើអ្នកបោះបង់គោលដៅ នោះយើងមិនជោគជ័យទេ។ យើងអាចកែលម្អរចនាសម្ព័ន្ធដែលយើងចង់លេង។ យើងទើបតែស្ថិតនៅក្នុងដំណើរការ២សប្តាហ៍ជាមួយគ្នា។ យើងទទួលបានលទ្ធផលវិជ្ជមាន។ ទល់នឹងក្រុមកំពូលៗក្នុងលីគ ហើយយើងប្រឹងប្រែងតតាំងយ៉ាងក្លាហាន។ ខ្ញុំគិតថាវាជាការអភិវឌ្ឍន៍របស់ក្រុមផងដែរ។ យើងត្រូវរៀនពីទម្រង់នៃការប្រកួតទាំងនេះ និងរបៀបដែល ក្រុមផ្សេងអាចយកឈ្នះពួកយើង។ យើងនឹងបន្តទៅមុខ ហើយទទួលបានទម្រង់លេងល្អជាងនេះ។”
សម្រាប់ ការបរាជ័យនេះ Leicester City មាន ១៤ពិន្ទុឈរនៅលេខរៀងទី១៧ រីឯ Newcastle ឈរនៅលេខរៀងទី១២ មាន ២៣ ពិន្ទុ៕