×

គ្រូ Man City ថា ការបរាជ័យរបស់ក្រុមជាការទទួលខុសត្រូវរបស់លោក

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយថា ការបរាជ័យរបស់ក្រុមនារយៈពេលចុងក្រោយនេះ គឺជាការទទួលខុសត្រូវរបស់លោក ហើយលោកមានភាពមិនល្អគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហា។

ក្នុងជំនួប Man City ទល់ Man UTD គេពិតជាមើលមិនឃើញពីចំណុចពិសេសនៃតាក់ទិចដ៏ខ្លាំងរបស់ Man City ពីមុនទេ ខណៈ Man UTD ហាក់ដឹងពីរបៀបក្នុងការលេងជាមួយក្រុមម្ចាស់ផ្ទះទៅហើយ។

លោក Roben Amorim ក៏បានប្រើរបៀបក្នុងការលេងបែបនេះដែរ នៅពេលលោកដឹកនាំ Sporting ដែលយកឈ្នះទៅលើ Man City ៤-១ ក្នុងពាន UEFA Champions League កាលពីពេលកន្លងទៅ។

កន្លងមកការបរាជ័យរបស់ Man City តែងតែទម្លាក់បន្ទុកទៅលើការរបួសកីឡាករច្រើន ប៉ុន្តែប្រកួតមួយរយៈពេលចុងក្រោយនេះ Man City មានកីឡាករត្រឡប់មកវិញជាច្រើនរូបទៅហើយនៅតែកីឡាករសំខាន់ៗ Rodri , Akanji និង Nathan Ake ប៉ុណ្ណោះ។ តំបន់ការពារក៏មាន Ruben Dias, Kyle Walker, Joško Gvardiol និង Nunes ដែលអាចទម្លាក់មកលេងការពារស្លាបឆ្វេងបាន។

ខណៈនៅតំបន់ប្រយុទ្ធខាងលើ Man City នៅតែពេញតែពិបាករកគ្រាប់ដែលមាន Haaland, Forden, Doku, K De Brunye និង Bernardo Silva ជាដើម។ បើទោះមានពេញនៅតំបន់ប្រយុទ្ធ នៅតែពិបាករកគ្រាប់បាល់ ខណៈដែលតំបន់ការពារកង្វះ Rodri នៅតំបន់បម្រើការពារគឺត្រូវបានគេសង្ស័យថានាំអោយ Man City ចាញ់ផ្ទួនៗ ដូច្នេះគេរង់ចាំមើលថា នៅពេល Rodri និងកីឡាករសំខាន់ៗដូចជា Akanji និង Nathan Ake ត្រឡប់មកវិញតើ ក្រុមមួយនេះអាចត្រឡប់មកចំណុចកំពូលបានវិញដែរឬទេ។

ទោះយ៉ាងណា ដោយសារតែបច្ចុប្បន្នក្រុមមិនអាចស្វែងរកលទ្ធផលល្អត្រឡប់មកវិញបែបនេះ បានធ្វើអោយ គ្រូបង្វឹកលោក Pep Guardiola បានធ្វើការស្តីបន្ទោសទៅលើរូបលោកខ្លួនឯង អំពីភាពអសមត្ថភាពក្នុងការជួយក្រុមអោយមានភាពខ្លាំងឡើងវិញ។

លោក Pep Guardiola បាននិយាយដូច្នេះ “ខ្ញុំមិនមានការការពារខ្លួនឯងទេ។ ខ្ញុំជាគ្រូបង្វឹក ខ្ញុំជាអ្នកគ្រប់គ្រងកីឡាករ ហើយពេលនេះខ្ញុំមិនល្អគ្រប់គ្រាន់ទេ។ ខ្ញុំត្រូវតែរកដំណោះស្រាយ ហើយខ្ញុំក៏រកដំណោះស្រាយមិនឃើញដែរ។ វាគឺសាមញ្ញដូចនោះ។ ខ្ញុំធ្វើមិនបានល្អ នោះជាការពិត។”

សូមបញ្ជាក់ថា ១១ប្រកួតចុងក្រោយនោះ Man City ឈ្នះតែ Nottingham Forest ៣-០ មួយប្រកួតប៉ុណ្ណោះស្មើ Crystal Palace ២-២ ស្មើ Feyenoord ៣-៣ ក្រៅពីនោះគឺចាញ់ទាងអស់រហូតដល់ទៅ៨ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង