×

ខ្សែប្រយុទ្ធ Matheus Cunha ត្រូវ FA ចោទប្រកាន់ពីបទប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ

ខ្សែប្រយុទ្ធ Matheus Cunha ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ចោទប្រកាន់ពីបទប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ដែល Wolverhampton Wanderers ចាញ់ Ipswich Town ដោយលទ្ធផល ២-១ កាលពីចុងសប្តាហ៍កន្លងទៅ។

កីឡាករប្រេស៊ីលដែលបានស៊ុតគ្រាប់បាល់១គ្រាប់របស់ក្រុម Wolves នៅកីឡដ្ឋាន Molineux នោះ ត្រូវបានចោទប្រកាន់ថាបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ អំឡុងពេលមានការប្រឈមមុខដាក់គ្នារវាងកីឡាករក្រុមទាំង២នៅពេលបញ្ចប់ការប្រកួត។

ខ្សែវីដេអូក្រោយការប្រកួតបានបង្ហាញថា Matheus Cunha បានប្រើកែងដៃវាយទៅលើសមាជិកក្រុមសន្តិសុខរបស់ក្រុម Ipswich នៅផ្នែកខាងក្រោយនៃក្បាល មុនពេលចាប់យកវ៉ែនតាបិទមុខរបស់បុគ្គលិកនោះចេញទៀត។

កីឡាករវ័យ ២៥ ឆ្នាំមានពេលត្រឹមថ្ងៃទី ១៩ ខែធ្នូ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ។
បន្ទាប់ពីការបរាជ័យ ក្រោមថ្វីជើង Ipswich Town ដែលជាការចាញ់ការប្រកួតទី១១ របស់ ពួកគេ នៅក្របខណ្ឌ Premier League នៅរដូវកាលនេះ ក្លិប Wolverhampton បានបណ្តេញគ្រូបង្វឹកលោក Gary O’Neil និងក្រុមបុគ្គលិករបស់គាត់ចេញពីតំណែង។

Matheus Cunha ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១៦ ប្រកួតនៅលីគកំពូលអង់គ្លេសនៅរដូវកាលនេះ ប៉ុន្តែអាចប្រឈមមុខនឹងការដាក់ពិន័យមិនអោយចូលរួមការប្រកួតនៅក្នុងឧប្បត្តិហេតុនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង