ខ្សែបម្រើ Rodrigo Bentancur របស់ក្លិប Tottenham Hotspur នឹងត្រូវអនុវត្តន៍គ្រប់ការពិន័យមិនអោយចូលរួមការប្រកួតរបស់គេដែលនៅសល់ចំនួន២ប្រកួតទៀត បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស FA បានច្រានចោលបណ្តឹងឧទ្ធរណ៍។
កីឡាករអ៊ុយរុយហ្កាយ ត្រូវបាន FA ធ្វើការពិន័យ ហាមមិនអោយចូលរួមការប្រកួតចំនួន៧ប្រកួត ពីបទប្រើប្រាស់ពាក្យជេរប្រមាថរើសអើងជាតិសាសន៍លើមិត្តរួមក្រុម Heung-min Son ។ ជាក់ស្តែង Rodrigo Bentancur បានធ្វើបទសម្ភាសន៍ជាមួយទូរទស្សន៍មួយនៅស្រុកកំណើត កាលពីខែមិថុនា ដោយនិយាយ អំពីបាល់ទាត់នៅអង់គ្លេស ប៉ុន្តែនៅពេលដែលកីឡាករវ័យ២៧ឆ្នាំត្រូវបានសួរនាំអំពីមិត្តរួមក្រុម Heung-min Son នោះ ស្រាប់តែរូបគេបានបញ្ចេញមតិដែលមានភាពរើសអើង ហើយបទសម្ភាសន៍នោះក៏ត្រូវចោទប្រកាន់ដោយ FA តែម្តង។
FA បានចេញសេចក្តីថ្លែងការណ៍ថា Rodrigo Bentancur បានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ និងប្រើពាក្យប្រមាថ ជាមួយនឹងការអត្ថាធិប្បាយ ដែលត្រូវបានវិនិច្ឆ័យថាជា ការបំពានយ៉ាងធ្ងន់ធ្ងរ ដោយសារតែវាសំដៅទៅលើការរើសអើងជាតិសាសន៍ទៅលើ Heung-min Son។
ក្រោយពីជួបបញ្ហាទាក់ទងទៅនឹងសម្តីរបស់ខ្លួន Bentancur ក៏បានចេញមុខសុំទោសជាសាធារណៈ និងដោយផ្ទាល់ទៅកាន់ Son ហើយក៏យល់ព្រមទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តិ។
ខាងក្លិប Tottenham Hotspur បានទទួលយកការវិនិច្ឆ័យនេះ ប៉ុន្តែបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងភាពធ្ងន់ធ្ងរនៃការព្យួរនេះ។ យ៉ាងណា បណ្តឹងឧទ្ធរណ៍ត្រូវបានច្រានចោលបន្ទាប់ពីសវនាការ ហើយ Bentancur នឹងអនុវត្តន៍ការពិន័យលើរូបគេអោយគ្រប់៧ប្រកួតដដែល។
Rodrigo Bentancur ក៏ត្រូវរងពិន័យជាទឹកប្រាក់ប្រមាណ ១០ម៉ឺនផោន ហើយរូបគេក៏ត្រូវបាន FA តម្រូវអោយចូលរួមកម្មវិធីអប់រំស្តីអំពីការរើសអើងជាតិសាសន៍ថែមទៀត។ អតីតសមាជិក Juventus រូបនេះ បានអនុវត្តន៍ការពិន័យរបស់ខ្លួន ដោយមិនអាចចូលលេងការប្រកួតក្របខណ្ឌ Premier League របស់ Tottenham Hotspur ទល់នឹងក្រុម Manchester City, Fulham, Bournemouth, Chelsea, Southampton, Liverpool រួមទាំងការប្រកួតរបស់ Tottenham Hotspur ទល់នឹង Manchester United នៅវគ្គ៨ក្រុម ពានរង្វាន់ EFL Cup ផងដែរ។
Rodrigo Bentancur នឹងអាចវិលមកកាន់ការប្រកួតវិញបានពេល Tottenham Hotspur ត្រូវប៉ះ Nottingham Forest នៅក្របខណ្ឌ Premier League ថ្ងៃទី ២៦ ខែធ្នូ ។ អតីតខ្សែបម្រើ Juventus រូបនេះក៏នៅតែអាចចូលលេងអោយ Tottenham Hotspur ក្នុងពានរង្វាន់ UEFA Europa League ដ្បិតការពិន័យអនុវត្តចំពោះការប្រកួតក្នុងស្រុកប៉ុណ្ណោះ៕