ខ្សែបម្រើ Mykhailo Mudryk របស់ក្លិប Chelsea បាននិយាយថា រូបគេមាភាពភ្ញាក់ផ្អើលជាទីបំផុត ក្រោយពីធ្វើតេស្តឃើញសារធាតុប៉ូវកម្លាំងហាមឃាត់។
ក្លិប Chelsea នៅក្របខណ្ឌ Premier League បានបញ្ជាក់ថា កីឡាករអ៊ុយក្រែន ត្រូវបានកោះហៅដោយសមាគមបាល់ទាត់អង់គ្លេស FA ក្រោយពីការធ្វើតេស្តសំណាកទឹកនោមជាប្រចាំរបស់កីឡាករ បានរកឃើញរូបគេមានលទ្ធផលវិជ្ជមាន។
ការរកឃើញនេះនឹងត្រូវធ្វើអោយ Mykhailo Mudryk ត្រូវ FA ព្យួរឈ្មោះជាបណ្តោះអាសន្ន ខណៈសាមីកីឡាករ បានបដិសេធអំពីការប្រើប្រាស់សារធាតុទាំងនោះ ខណៈក្លិប Chelsea វិញ នឹងធ្វើការស៊ើបអង្កេត រកមូលហេតុដែលកីឡាកររបស់ពួកគេធ្វើតេស្តឃើញសារធាតុហាមឃាត់។
នៅពេលទាក់ទងដោយ BBC Sport ដើម្បីសួរនាំអំពីបញ្ហារបស់ Mykhailo Mudryk នោះ ខាង FA បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការព្យួរឈ្មោះ ឬពេលវេលា ដែលការធ្វើតេស្ត បានកើតឡើងឡើយ។
កីឡាករដែលត្រូវបានគេរកឃើញថា មានចេតនាប្រើប្រាស់សារធាតុហាមឃាត់ អាចត្រូវបានហាមឃាត់រហូតដល់ទៅ ៤ ឆ្នាំ ក្រោមការណែនាំរបស់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ។
កីឡាករវ័យ២៣ឆ្នាំ បានលេងលើកចុងក្រោយអោយ Chelsea កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ហើយបានខកខានការប្រកួតចំនួន ៥ លើកកន្លងមកគ្រប់កម្មវិធី ទាំងអស់។ រូបគេត្រូវបានគេដាក់បញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតដែលក្រុម Chelsea បានយកឈ្នះលើក្រុម Aston Villa នៅជំនួបក្របខណ្ឌ Premier League កាលពីដើមខែធ្នូ ប៉ុន្តែមិនបានបង្ហាញខ្លួនលើទីលានទេ។
អវត្តមានកន្លងមករបស់ Mykhailo Mudryk ត្រូវបានគ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយជាសាធារណៈថា គឺដោយសារតែជំងឺ។
Mudryk ដែលបានចុះហត្ថលេខាពីក្លិបអ៊ុយក្រែន Shakhtar Donetsk មកចូលរួម Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃរហូតដល់ ៨៩ លានផោនក្នុងឆ្នាំ ២០២៣ ដោយរកបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ លើក ។
សម្រាប់បញ្ហារបស់ Mykhailo Mudryk នេះដែរ ខាងសមាគមកីឡាករបាល់ទាត់អាជីពត្រូវបានគេរំពឹងថានឹងទាក់ទង ទៅកាន់កីឡាករ ដើម្បីផ្តល់ការគាំទ្រុផងដែរ៕