×

Tottenham Hotspur ត្រៀមបង្ហាញខ្លួនកីឡាករកូរ៉េខាងត្បូងមួយរូបទៀតក្នុងក្រុម

ខ្សែបម្រើកូរ៉េខាងត្បូង Yang Min-Hyeok បានចាកចេញពីទីក្រុងសេអ៊ូលទៅកាន់ទីក្រុងឡុង ដើម្បីត្រៀមចូលរួមជាមួយក្លិប Tottenham Hotspur នាពេលឆាប់ៗ ដោយរូបគេនឹងមានវត្តមានលេងក្នុងក្លិបជាមួយខ្សែប្រយុទ្ធខាងត្បូងដូចគ្នា Heung-Min Son ។

មែនទែនទៅ ក្លិប Tottenham Hotspur បានចុះហត្ថលេខាលើ Yang Min-Hyeok ពីក្លិប Gangwon FC តាំងពីខែកក្កដាមកម្ល៉េះ ក្នុងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ ២០៣០។

កីឡាករវ័យ១៨ឆ្នាំរូបនេះដំបូងឡើយគ្រោងនឹងចូលរួមជាមួយក្រុមរបស់គ្រូបង្វឹកលោក Ange Postecoglou ក្នុងខែមករាទេ ប៉ុន្តែរូបគេបានមកដល់ទឹកដីអង់គ្លេសលឿនជាងការគ្រោងទុក។ មកដល់ Tottenham Hotspur ក៏ពិតមែន តែ Yang Min-Hyeok គ្មានសិទ្ធលេងអោយក្លិប មុនថ្ងៃទី ១ ខែមករា ឡើយ។

ក្នុងការធ្វើដំណើរមកកាន់ Tottenham Hotspur នេះដែរ Yang Min-Hyeok បានសារភាពថា ខ្លួនមានភាពរំភើបនិងបារម្ភជាមួយការផ្លាស់ប្តូរបរិយាកាសថ្មី ប៉ុន្តែមានការរំពឹងទុកខ្ពស់ក្នុងការ លេងជាមួយមិត្តរួមជាតិ Heung-Min Son ដែលជាកីឡាករកូរ៉េខាងត្បូងដ៏ល្បីល្បាញមួយរូប។

Yang Min-Hyeok និង Heung-Min Son ធ្លាប់មានបទពិសោធប្រកួតជាមួយគ្នាផងដែរ ដោយកាលពីខែកក្កដា ក្រុម Gangwon FC របស់គេបានជួបជាមួយក្រុម Tottenham Hotspur ក្នុងការប្រកួតមិត្តភាព ។ នៅខែកញ្ញា Yang Min-Hyeok បានចូលរួមជាមួយ Heung-Min Son ក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ការប្រកួតជម្រុះ World Cup 2026។

Yang Min-Hyeok ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និង ចែកបាល់សម្រេចទី ៦ ដងក្នុង ៣៨ ប្រកួតសម្រាប់ Gangwon FC ក្នុងរដូវកាលនេះ។ នៅក្នុងខែមីនា គេបានក្លាយជាកីឡាករស៊ុតបញ្ចូលទីក្មេងបំផុតមិនធ្លាប់មាននៅក្នុងក្របខណ្ឌ K League 1 មុនពេលខួបកំណើតអាយុ ១៨ ឆ្នាំរបស់គេ។ វត្តមានរបស់គេនឹងជួយដល់ Tottenham Hotspur ដែលកំពុងមានបញ្ហាដោយសារកីឡាករច្រើនរូបរងរបួស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង