×

Wolverhampton Wanderers ជ្រើសរើសបានគ្រូបង្វឹកថ្មី

គ្រូបង្វឹកក្លិបអារ៉ាប៊ីសាអូឌីត Al Shabab លោក Vitor Pereira បានយល់ព្រមក្នុងកិច្ចសន្យារយៈពេល១៨ខែ ដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប Wolverhampton Wanderers នៅក្របខណ្ឌ Premier League។

ការនាំយកបុរសជនជាតិព័រទុយហ្កាល់ មកកាន់ទឹកដី Molineux នេះ ខាងក្លិប Wolverhampton Wanderers ត្រូវចំណាយដល់ទៅជាង ១លានអឺរ៉ូ ក្នុងការផ្តាច់កុងត្រា ជាមួយក្លិប Al Shabab។

លោក Vitor Pereira ដែលធ្លាប់ដឹកនាំ Porto និង Olympiakos នោះ ត្រូវបានដឹងថាបានធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស បើទោះជាកិច្ចសន្យាមិនទាន់ត្រូវបានចុះហត្ថលេខាជាផ្លូវការក៏ពិតមែន ប៉ុន្តែដំណើរការនៃការចរចា និង ការព្រមព្រៀងនានា បានធ្វើទៅដោយរលូនគ្មានបញ្ហាអ្វីឡើយ។

បុរសវ័យ៥៦ឆ្នាំនឹងចាប់ផ្តើមការងារដំបូងក្នុងនាមគ្រូបង្វឹករបស់ Wolverhampton ដោយត្រូវដឹកនាំក្រុមប្រកួតប៉ះក្រុម Leicester City ក្នុងជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ។ ភារកិច្ចធំរបស់លោក Vitor Pereira គឺត្រូវជួយស្រោចស្រង់ស្ថានការណ៍របស់ Wolverhampton ដែលកំពុងមានភាពដុនដាប ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកដែលទើបត្រូវបណ្តេញចេញ លោក Gary O’Neil ដោយឆ្លងកាត់ ការប្រកួត១៦លើក មកនេះ ពួកគេឈ្នះ២ ដង ស្មើ៣ដង ចាញ់១១ដង មាន៩ពិន្ទុឈរលេខ១៩ក្នុងតំបន់កាត់ចោល។

កន្លងមកមានការរាយការណ៍ថា ក្រុមរហស្សនាមចចកព្រៃ បានសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកមួយចំនួនដូចជា អតីតគ្រូបង្វឹក Chelsea លោក Graham Potter អតីតគ្រូបង្វឹក West Ham លោក David Moyes និង លោក Ole Gunnar Solskjaer អតីតគ្រូបង្វឹក Man UTD ផងដែរ ប៉ុន្តែចុងក្រោយពួកគេបានសម្រេចជ្រើសរើសយក លោក Vitor Pereira មកជាគ្រូបង្វឹកថ្មីទៅវិញ។

លោក Vitor Pereira បានចូលរួមជាមួយ ក្លិបអារ៉ាប៊ីសាអូឌីត Al Shabab កាលពីខែកុម្ភៈដើមឆ្នាំ២០២៤នេះ ដោយបានជួយក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦នៃក្របខណ្ឌ Saudi Pro League រដូវកាលកន្លងទៅ។

ក្នុងអាជីពជាគ្រូបង្វឹក លោក Vitor Pereira ធ្លាប់បានឈ្នះពានរង្វាន់មួយចំនួនដូចជា Primeira Liga ២ដងជាមួយ Porto, Super League Greece ជាមួយ Olympiacos និង Chinese Super League ជាមួយ Shanghai SIPG ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង