×

គ្រូ Arsenal កោតសរសើរកីឡាករខ្លួន ក្រោយវាយបកឈ្នះ Crystal Palace ក្នុងពានរង្វាន់ EFL Cup

គ្រូបង្វឹក Arsenal លោក Mikel Arteta បានធ្វើការកោតសរសើរកីឡាកររបស់ខ្លួន ក្រោយពីក្រុមកាំភ្លើងធំរបស់លោកបានវាយបកយកឈ្នះ Crystal Palace ក្នុងពានរង្វាន់ EFL Cup វគ្គ៨ក្រុមចុងក្រោយ។

ជាការពិត ការប្រកួតនាកីឡដ្ឋាន Emirates ក្រុមម្ចាស់ផ្ទះ Arsenal បានដាក់ការគាបសង្កត់ទៅលើគូប្រជែងរបស់ខ្លួន តាមរយៈការគ្រប់គ្រងបាល់បានដល់ទៅ ៧១ភាគរយ និងឱកាសនៃការស៊ុតបាល់មានដល់ទៅ ១២ដង ខណៈ Crystal Palace មានឱកាសស៊ុតតែ៨ដង។ យ៉ាងណា កែលបាល់បាន៤នាទី Crystal Palace បែរជាអាចរកឱកាសនាំមុខមុនទៅវិញ ដែលជាការធ្វើបានពី Jean-Philippe Mateta ហើយវគ្គទី១មានបាល់បញ្ចូលទីតែ១លើកនេះ។

យ៉ាងណា ចូលមកដល់វគ្គទី២ Arsenal បានបង្កើនការវាយសម្រុកខ្លាំងឡើង ហើយអាចរកបាន៣គ្រាប់ផ្ទួនៗ ដោយ Gabriel Jesus ទាំងអស់ នៅក្នុងនាទី ៥៤ នាទី ៧៣ និង នាទី៨១។ សម្រាប់ក្រុម Crystal Palace ក៏មិនបោះបង់ការតស៊ូរបស់ខ្លួនដែរ ដោយអាចតាមបាន១គ្រាប់ទៀត ដោយ Eddie Nketiah នៅនាទី៨៥ ដោយវាជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតនេះ។លទ្ធផលបញ្ចប់ការប្រកួតគឺ Arsenal ៣ Crystal Palace ២។

ជ័យជំនះ ជាមួយទម្រង់លេងល្អរបស់កូនក្រុម បានធ្វើអោយគ្រូបង្វឹក Arsenal លោក Mikel Arteta មានការពេញចិត្ត និង កោតសរសើរ ដល់ឆន្ទៈដ៏ខ្លាំង មិនបោះបង់ការប្រកួតរបស់ពួកគេ។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានអោយដឹងថា “ ការប្រកួតបានចាប់ផ្តើមតាមរបៀបដែលយើងមិនចង់បាន ដោយរបូតគ្រាប់បាល់តាមរបៀបដ៏សាមញ្ញមួយ ប៉ុន្តែបន្ទាប់មកក្រុមរបស់ខ្ញុំមានប្រតិកម្មយ៉ាងខ្លាំង។ ពួកគេ បានបង្ហាញឆន្ទៈ ហើយមានបំណងប្រាថ្នាចង់បង្វែរស្ថានការណ៍មកកាន់ខាងយើង រហូតអាចស្វែងរកជ័យជំនះបាន។ ខ្ញុំពិតជារីករាយជាមួយ ការធ្វើបានល្អរបស់កីឡាករខ្ញុំ។”

ជ័យជំនះនេះនឹងធ្វើអោយ Arsenal ត្រូវបន្តឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup ដោយការផ្គូផ្គងនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែធ្នូនេះ ខណៈកាលបរិច្ឆេទនៃការប្រកួតវិញ នៅថ្ងៃទី ៦ ខែមករា សម្រាប់ជើងទី១ និង ថ្ងៃទី៣ ខែកុម្ភៈ សម្រាប់ការប្រកួតជើងទី២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង