គ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយថា រូបលោក ព្រមទាំងក្រុមមានការជឿជាក់ទៅលើខ្សែបម្រើ Mykhailo Mudryk ថារូបគេមិនបានប្រព្រឹត្តកំហុសនោះទេ។
ជាការពិត កីឡាករអ៊ុយក្រែនត្រូវបានកោះហៅដោយសមាគមបាល់ទាត់អង់គ្លេស FA ក្រោយពីការធ្វើតេស្តសំណាកទឹកនោមជាប្រចាំរបស់កីឡាករ បានរកឃើញរូបគេមានលទ្ធផលវិជ្ជមាននៃការប្រើប្រាស់សារធាតុប៉ូវកម្លាំងហាមឃាត់។
ការរកឃើញនេះនឹងត្រូវធ្វើអោយ កីឡាករវ័យ២៣ឆ្នាំ ត្រូវ FA ព្យួរឈ្មោះជាបណ្តោះអាសន្ន ខណៈសាមីកីឡាករ បានបដិសេធអំពីការប្រើប្រាស់សារធាតុទាំងនោះ ខណៈក្លិប Chelsea វិញ នឹងធ្វើការស៊ើបអង្កេត រកមូលហេតុដែលកីឡាកររបស់ពួកគេធ្វើតេស្តឃើញសារធាតុនោះ។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហារបស់ Mykhailo Mudryk នេះដែរ គ្រូបង្វឹក Chelsea លោក Enzo Maresca បានអះអាងដោយជឿជាក់ថា កីឡាកររបស់លោកមិនបានប្រព្រឹត្តិទង្វើខុសឆ្គងនោះទេ ហើយទាំងរូបលោកនិងសមាជិកនៅតែក្រុមគាំទ្រ រូបគេ។
គ្រូបង្វឹកជនជាតិអ៊ីតាលី បានថ្លែងដូច្នេះ “ ក្លិប បុគ្គលិកគ្រូបង្វឹក និងមនុស្សទាំងអស់ដែលនៅខាងក្នុងកន្លែងហ្វឹកហាត់ យើងគាំទ្រ ហើយជឿជាក់លើ Mykhailo។ យើងមិនជឿថា កីឡាកររបស់យើងប្រើប្រាស់សារធាតុហាមឃាត់ទេ ហើយយើងកំពុងធ្វើការដិតដល់លើរឿងនេះ។”
កីឡាករដែលត្រូវបានគេរកឃើញថាមានចេតនាប្រើប្រាស់សារធាតុហាមឃាត់ អាចត្រូវ ហាមឃាត់រហូតដល់ទៅ ៤ ឆ្នាំ ក្រោមការណែនាំពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA ។
កីឡាករវ័យ២៣ឆ្នាំ បានលេងលើកចុងក្រោយអោយ Chelsea កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ហើយបានខកខានការប្រកួតចំនួន ៥ លើកកន្លងមកគ្រប់កម្មវិធី ទាំងអស់។ រូបគេត្រូវបានគេដាក់បញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតដែលក្រុម Chelsea បានយកឈ្នះលើក្រុម Aston Villa នៅជំនួបក្របខណ្ឌ Premier League កាលពីដើមខែធ្នូ ប៉ុន្តែមិនបានបង្ហាញខ្លួនលើទីលានទេ។
អវត្តមានកន្លងមករបស់ Mykhailo Mudryk ត្រូវបានគ្រូបង្វឹក Chelsea លោក Enzo Maresca បាននិយាយជាសាធារណៈថា គឺដោយសារតែជំងឺ។ Mudryk ដែលបានចុះហត្ថលេខាពីក្លិបអ៊ុយក្រែន Shakhtar Donetsk មកចូលរួម Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃរហូតដល់ ៨៩ លានផោនក្នុងឆ្នាំ ២០២៣ ដោយរកបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៣ លើក ។ សម្រាប់បញ្ហារបស់ Mykhailo Mudryk នេះដែរ ខាងសមាគមកីឡាករបាល់ទាត់អាជីពត្រូវបានគេរំពឹងថានឹងទាក់ទង ទៅកាន់កីឡាករ ដើម្បីផ្តល់ការគាំទ្រុផងដែរ៕