×

គ្រូ Man UTD ថាខ្លួនកំពុងព្យាយាមជួយដល់ ខ្សែប្រយុទ្ធ Marcus Rashford

គ្រូបង្វឹកលោក Ruben Amorim បាននិយាយថា Man UTD មានភាពល្អប្រសើរជាមួយនឹង Marcus Rashford បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មី ។

អនាគតរបស់កីឡាករអង់គ្លេស កំពុងមានភាពមិនច្បាស់លាស់ ដោយមួយរយៈចុងក្រោយនេះ រូបគេមិនស្ថិតនៅក្នុងបញ្ជីកីឡាករជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ ទៀតឡើយ។

ទោះយ៉ាងណា នៅពេលត្រូវបានសួរនាំអំពី ស្ថានភាពរបស់ Marcus Rashford ជាមួយ Man UTD នោះ លោក Ruben Amorim បានឆ្លើយតបថា លោកកំពុងព្យាយាមជួយដល់រូបគេ អោយមានសមត្ថភាពកាន់តែខ្ពស់ តាមការចង់បានរបស់ក្លិប ហើយរូបគេក៏ត្រៀមខ្លួនក្នុងការទទួលយកការប្រកួតប្រជែងថ្មីដែរ។

លោក Amorim បាននិយាយដូច្នេះថា “ខ្ញុំមិននិយាយអំពីអនាគតទេ យើងនិយាយអំពីបច្ចុប្បន្ន។ យើងកាន់តែល្អប្រសើរជាមួយ Marcus Rashford ។ ក្រុមត្រូវការកីឡាករប្រភេទដូចជារូបគេនេះ។ យើងមានការហ្វឹកហាត់មួយបន្ថែមទៀត ហើយ Rashford ស្ថិតក្នុងស្ថានភាពដូចកីឡាករដទៃទៀត។ ប្រសិនបើពួកគេហ្វឹកហាត់បានល្អ យើងត្រូវធ្វើការជ្រើសរើសយករូបគេ ហើយខ្ញុំកំពុងជួយដល់រូបគេក្នុងរបៀបនោះ។”

Marcus Rashford បានក្លាយជាសមាជិក Man UTD ដោយចូលរួមក្នុងថ្នាលយុវជនតាំងពីអាយុ៧ឆ្នាំមកម្ល៉េះ ដោយស៊ុតបញ្ចូលទីបាន ១៣៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៤២៦ ប្រកួតចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងអោយក្រុមឈុតធំនៅឆ្នាំ ២០១៦ ។

ដោយបានឈ្នះពាន Europa League, FA Cup ២ ដង និង League Cup ២ដងក្នុងអំឡុងពេលដែលរូបគេលេងអោយ Man UTD នេះ Marcus Rashford បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លិបនៅពេលថ្មីៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង