យោងតាមរបាយការណ៍បានអោយដឹងថា West Ham United នឹងយល់ព្រមលើការបញ្ចេញលក្ខខណ្ឌខ្ចីជើងសម្រាប់ខ្សែការពារ Luizao ប្រសិនបើប្រាក់ឈ្នួលរបស់កីឡាករត្រូវបានរ៉ាប់រ៉ង។
កីឡាករប្រេស៊ីល បានចូលរួមជាមួយក្រុមញញួរយក្ស ក្នុងខែមករា ឆ្នាំ ២០២៣ បន្ទាប់ពីដោយផ្ទាស់មកពីក្រុម Sao Paulo ។ យ៉ាងណាក៏ដោយ Luizao មិនទាន់បង្ហាញទម្រង់លេងអោយក្រុមឈុតធំ West Ham នៅឡើយទេ ផ្ទុយទៅវិញរូបគេបែរជាទៅអោយក្រុមយុវជន អាយុក្រោម ២១ឆ្នាំ ដោយបង្ហាញខ្លួន ៤៨ដង ស៊ុតបាន៤គ្រាប់ផងដែរ។
មានការចាប់អារម្មណ៍ជាច្រើនលើ Luizao ពីក្លិបក្នុងប្រទេសកំណើតរបស់គេក្នុងរដូវក្តៅ ប៉ុន្តែ ក៏មិនបានឈានដល់ការព្រមព្រៀងនាំយករូបគេទៅចូលរួមដែរ។
ថ្មីៗនេះ ក្រុមមួយចំនួនដូចជា Gremio, Bahia និង Internacional ត្រូវបានផ្សារភ្ជាប់ការចាប់អារម្មណ៍លើកីឡាករវ័យ ២២ឆ្នាំ ឡើងវិញ។
របាយការណ៍ចុងក្រោយបញ្ជាក់ថា West Ham រីករាយក្នុងការអនុញ្ញាតអោយ Luizao ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងទីផ្សារដោះដូរកីឡាករខែមករា ប៉ុន្តែនឹងយល់ព្រមលើកិច្ចព្រមព្រៀងលុះត្រាប្រាក់ខែទាំងមូលរបស់គេជាការរ៉ាប់រងទាំងស្រុង ដោយក្លិបដែលទទួលយករូបគេទៅចូលរួម។
នោះនឹងមិនមែនជាចំនួនតិចទេដោយបច្ចុប្បន្ន Luizao រកបានប្រាក់ឈ្នួល ២ម៉ឺនផោនក្នុងមួយសប្តាហ៍។ បែបនេះក្តី របាយការណ៍របស់សារពត៌មាន Trivela ក៏បញ្ជាក់ផងដែរថា Atletico-MG, Vasco និង Corinthians សុទ្ធតែបានដាក់ការសាកសួរ West Ham United អំពីលទ្ធភាពនាំយក Luizao មកជាសមាជិករបស់ពួកគេ៕