×

គ្រូ Liverpool ថា ក្រុមខ្លួនបង្ហាញការលេងល្អក្រៅទឹកដីបំផុតក្រោយឈ្នះ Tottenham Hotspur ៦-៣

ក្រុម Liverpool កាន់តែពង្រឹងចំណាត់ថ្នាក់កំពូលតារាងនៅក្របខណ្ឌ Premier League របស់ពួកគេបន្ថែមទៀត ក្រោយពីបានយកឈ្នះក្រុម Tottenham Hotspur ដោយលទ្ធផលយ៉ាងធំ ៦-៣ កាលពីចុងសប្តាហ៍កន្លងទៅ។

ការប្រកួតនាកីឡដ្ឋាន Tottenham Hotspur នោះ ក្រុមភ្ញៀវ Liverpool បានបើកការនាំមុខនៅនាទី២៣ ដោយ Luis Díaz ហើយនាទី ៣៦ Alexis Mac Allister បានបន្ថែមគ្រាប់ទី២ សម្រាប់ក្រុមហង្សក្រហម។ នៅនាទី៤១ ក្រុមម្ចាស់ផ្ទះ Tottenham Hotspur តាមបាន១គ្រាប់ដោយ James Maddison ប៉ុន្តែហៀបនឹងចប់វគ្គទី១ Dominik Szoboszlai បានបន្ថែមគ្រាប់ទី៣ អោយ Liverpool ។

ចូលមកដល់វគ្គទី២ Liverpool បង្កើនការនាំមុខក្រោយពី Mohamed Salah រកបាន២គ្រាប់ផ្ទួនៗនៅនាទី ៥៤ និង នាទី៦១ ប៉ុន្តែ Tottenham Hotspur ព្យាយាមវាយបកបាន២គ្រាប់មកវិញ ដោយ Dejan Kulusevski នៅនាទី ៧២ និង Dominic Solanke នៅនាទី ៨៣។ នៅនាទី៨៥ Liverpool ក៏រកបានគ្រាប់បាល់ទី៦របស់ខ្លួនដោយ Luis Díaz ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផលឈ្នះទាំងស្រុង។

Liverpool មិនចាញ់១២ប្រកួតជាប់ៗគ្នាហើយ នៅក្នុងការប្រកួតលីគកំពូលអង់គ្លេស ចាប់តាំងពីចាញ់ Nottingham Forest ១-០ កាលពីពាក់កណ្តាលខែកញ្ញា។ ទន្ទឹមនឹងនេះ ការឈ្នះលើ Tottenham Hotspur ៦-៣ ជាការឈ្នះក្នុងលទ្ធផលដ៏ធំសម្រាប់ Liverpool ក្នុងការប្រកួតនៅក្រៅទឹកដី ហើយលទ្ធផលនេះត្រូវបានគ្រូបង្វឹក Liverpool លោក Arne Slot មានការពេញចិត្ត និង លើកសរសើរកូនក្រុមថា លេងបានល្អបំផុត ថែមទៀតផង។

គ្រូបង្វឹកវ័យ៤៦ឆ្នាំ បានអោយដឹងដូច្នេះថា “ វាពិតជាល្អខ្លាំងណាស់។ នេះប្រហែលជាការធ្វើបានល្អបំផុតរបស់ពួកយើង ហើយវាជាការឈ្នះធំបំផុតក្រៅទឹកដីរបស់ពួកយើងនៅក្នុងរដូវកាលនេះ។ ខ្ញុំពិតជាពេញចិត្ត ការដែលកូនក្រុមអាចគ្រប់គ្រងបាល់បាន ហើយអូសទៅទាត់បញ្ចូលទី របស់ Tottenham Hotspur ភ្លាមៗ។ ពួកគេបានធ្វើល្អលើសពីអ្វីដែលខ្ញុំគិត ហើយវាពិតជារឿងរីករាយខ្លាំងណាស់។”

Liverpool បច្ចុប្បន្នកំពុងឈរកំពូលតារាង មាន៣៩ពិន្ទុ និងសល់១ប្រកួតក្នុងដៃ ពីលើក្រុមលេខ ២ Chelsea ចំនួន៤ពិន្ទុ។ រីឯ Tottenham Hotspur នៅលេខ១១ មាន២៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង