×

គ្រូ Man UTD ថា ក្រុមខ្លួនមិនមានភាពជឿជាក់ទើបចាញ់ Bournemouth

គ្រូបង្វឹក Man UTD លោក Ruben Amorim បានលើកឡើងថា ក្រុមបិសាចក្រហមរបស់លោកហាក់មិនមានភាពជឿជាក់ក្នុងការបញ្ចប់ទី ទើបក្រុមចាញ់ការប្រកួត Premier League ទល់នឹង Bournemouth ។

ការប្រកួតលីគកំពូលអង់គ្លេសកាលពីចុងសប្តាហ៍កន្លងទៅ Man UTD បានប្រកួតចាញ់ Bournemouth ដោយលទ្ធផល ៣-០។ វគ្គទី១ ដែលធ្វើឡើងនា កីឡដ្ឋាន Old Trafford មានបាល់បញ្ចូលទីតែ១លើកធ្វើបានដោយ Dean Huijsen ក្នុងនាទី២៩។

ចូលមកដល់វគ្គទី២ កីឡាករ Man UTD Noussair Mazraoui បានបង្កកំហុសលើ Justin Kluivert ដែលនាំអោយ Bournemouth ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ នៅក្នុងនាទី៦១ ហើយកីឡាករ Justin Kluivert ខ្លួនឯងជាអ្នកស៊ុតបញ្ចូលទីបាល់ពិន័យនេះបានសម្រេច។ រំលងពីនោះបានតែ២នាទីគឺនាទី ៦៣ Antoine Semenyo បានរកគ្រាប់បាល់១គ្រាប់ទៀតបង្កើនការនាំមុខដល់ Bournemouth ។ សម្រាប់ក្រុមម្ចាស់ផ្ទះ Man UTD មិនអាចស្វែងរកឱកាសស៊ុតគ្រាប់បាល់បានសម្រេចនោះទេ ដែលធ្វើអោយពួកគេចាញ់ការប្រកួតនេះទាំងខកចិត្ត។

នេះជាការបរាជ័យលើកទី៤ហើយរបស់លោក Ruben Amorim ក្នុងនាមជាគ្រូបង្វឹក Man UTD ថ្មី ។ យ៉ាងណា សម្រាប់លទ្ធផលនេះ លោក Ruben Amorim បានមើលឃើញពីភាពខ្វះខាតរបស់ក្រុមបិសាចក្រហមថា កូនក្រុមរបស់លោក មិនមានភាពជឿជាក់ក្នុងការបញ្ចប់ទី ទើបធ្វើអោយពួកគេចាញ់ការប្រកួត។

គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បានអោយដឹងដូច្នេះ “ ប្រសិនបើអ្នកក្រឡេកមើលការប្រកួត មុនពេលរបូតគ្រាប់បាល់ទី១ យើងមានឱកាសជាច្រើន។ ប្រសិនបើយើងអាចចរកបានគ្រាប់បាលទី១ នោះការប្រកួតនេះនឹងផ្លាស់ប្តូរ។ កូនក្រុមចង់ស៊ុតបញ្ចូលទីប៉ុន្តែពួកគេហាក់មានភាពភ័យខ្លាច គ្មានទំនុកចិត្តនោះទេ ទើបយើងជួបលទ្ធផលបែបនេះ។ ទោះយ៉ាងណា យើងត្រូវប្រយុទ្ធលើរឿងនេះ។”

Man UTD នៅឈរលេខ១៣ មាន ២២ពិន្ទុ ក្រោយឆ្លងកាត់១៧ប្រកួត ខណៈ Bournemouth នៅឈរលេខ៥ មាន២៨ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង