×

អតីតគ្រូបង្វឹក Roma លោក Ivan Juric ក្លាយជាគ្រូបង្វឹកថ្មី Southampton

ក្លិបដែលមានមូលដ្ឋាននៅភាគខាងត្បូងឆ្នេរសមុទ្រចក្រភពអង់គ្លេសនិងបច្ចុប្បន្នឈរនៅបាតតារាងក្របខណ្ឌ Premier League គឺក្លិប Southampton បានតែងតាំងលោក Ivan Juric មកជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល ១៨ ខែ។

បុរសជនជាតិក្រូអាត បានដឹកនាំ AS Roma ប៉ុន្តែក៏ត្រូវបានក្លិបនៅក្របខណ្ឌ Serie A បញ្ចប់តំណែងកាលពីដើមខែវិច្ឆិកា ក្រោយដឹកនាំទើបបាន១២ប្រកួត ទទួលបានលទ្ធផលមិនល្អ ដោយឈ្នះ៤ ស្មើ ៣ ចាញ់៥ដង។

លោក Ivan Juric បានចូលមកកាន់ការងារជំនួសលោក Russell Martin ដែលត្រូវបាន Southampton បណ្តេញចេញពីតំណែង ក្រោយទទួលបានលទ្ធផលមិនល្អដូចគ្នា ដោយក្រោយឆ្លងកាត់១៧ប្រកួត ក្រុមនេះឈ្នះតែ១ដងគត់ និង ស្មើ៣ដង ចាញ់១៣ដង ទទួលបានត្រឹមតែ ៦ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២០ បាតតារាងតែម្តង។

ភាគច្រើនក្នុងអាជីពរបស់លោក Ivan Juric មានបទពិសោធដឹកនាំក្លិបនៅក្របខណ្ឌ Serie A ដូចជា Genoa, Hellas Verona, Torino និង Roma ហើយការមកកាន់តំណែងនៅ Southampton នេះគឺជាលើកដំបូងដែលបុរសវ័យ ៤៩ឆ្នាំ ដឹកនាំក្លិបនៅក្រៅពីទឹកដីអ៊ីតាលី។

ជាមួយនឹងការមកដឹកនាំ Southampton នេះដែរ លោក Ivan Juric បានបង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួនថា “ខ្ញុំពិតជារីករាយណាស់។ ខ្ញុំគិតថាវាជាការប្រជែងដ៏ធំមួយ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ ព្រោះខ្ញុំបានឃើញក្រុមដែលអាចធ្វើបានល្អជាងនេះ។វាមានសារៈសំខាន់ណាស់ក្នុងការទាក់ទងជាមួយអ្នកគាំទ្រភ្លាមៗ។ ខ្ញុំចង់បានក្រុមដែលមានការប្រកួតប្រជែង ហើយខ្ញុំគិតថាអ្នកគាំទ្រ Southampton នឹងចូលចិត្ត ។”

ភាពធ្លាក់ចុះរបស់ Southampton កើតឡើងចំពេលដែលផែនការរបស់ក្លិបក្នុងការជួសជុលកីឡដ្ឋានរបស់ពួកគេ និងអភិវឌ្ឍតំបន់ជុំវិញនោះ ដោយនាយកប្រតិបត្តិលោក Phil Parsons បានជំរុញអោយមានការបង្កើនប្រាក់ចំណូល ក្នុងហានិភ័យនៃការប្រឈមមុខនឹងការដែលក្លិបត្រូវកាត់ចុះទៅលីគក្រោម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង