
គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា លោកមិនស្តីបន្ទោសកីឡាករនោះទេ បន្ទាប់ពីក្រុម Man City របស់លោក បានរងបរាជ័យជាថ្មីបន្ថែមទៀត ក្រោមថ្វីជើងម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Villa Park ក្នុងការប្រកួតក្របខណ្ឌ Premier League។
ការប្រកួតនាកីឡដ្ឋាន Villa Park កាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រុម Aston Villa សម្រេចបានគ្រាប់បាល់ ២គ្រាប់ ស៊ុតបញ្ចូលទីដោយ Jhon Duran និង Morgan Rogers ខណៈ ក្រុម Man City រកបាន១គ្រាប់ដោយ Phil Foden។ ក្រុមការពារជើងឯក Man City ចាញ់ ៩ប្រកួតហើយ ក្រោយចំណោមការប្រកួតពានរង្វាន់ទាំងអស់ ចំនួន ១២ប្រកួត។
ជួបបញ្ហាធ្លាក់ទម្រង់លេង ធ្វើអោយ Man City ស្ថានភាពអាក្រក់យ៉ាងខ្លាំង ប៉ុន្តែបែបនេះក្តី លោក Pep Guardiola នៅតែបង្ហាញជំហរកាន់ជើងកូនក្រុម ដោយមិនស្តីបន្ទោស និងនៅតែមានជំនឿលើកីឡាករខ្លួន។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងថា “យើងត្រូវតែគិតវិជ្ជមាន ហើយខ្ញុំនៅតែមានជំនឿចិត្តយ៉ាងមុតមាំទៅលើកីឡាករទាំងអស់។ កីឡាករមួយចំនួនគឺមានតម្លៃ និងស័ក្តិសមនឹងទទួលវាដើម្បីធ្វើរឿងដែលពួកគេត្រូវតែធ្វើ។ យើងត្រូវតែរកផ្លូវ វិធីសាស្ត្រពីមួយជំហានទៅមួយជំហាន មិនយូមិនឆាប់យើងនឹងអាចរកឃើញផ្លូវត្រឡប់មកជាល្អប្រសើរឡើងវិញ។”
បច្ចុប្បន្ន Man City កំពុងឈរលេខ ៧ ក្នុងតារាងពិន្ទុ Premier League ដោយមាន២៧ពិន្ទុ ឃ្លាតពិន្ទុពីក្រុមកំពូលតារាង Liverpool ដល់ទៅ១២ពិន្ទុ ៕