អនាគតរបស់ខ្សែប្រយុទ្ធ Marcus Rashford ជាមួយ Manchester United កាន់តែខិតជិតដល់ទីបញ្ចប់ហើយ ក្រោយមានដំណឹងថា ក្លិបបិសាចក្រហម បានបើកភ្លើងខៀវអោយរូបគេចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។
រយៈពេល ២សប្តាហ៍ចុងក្រោយមកនេះ រឿងរ៉ាវរបស់កីឡាករវ័យ ២៧ឆ្នាំ កំពុងតែផ្ទុះឡើងលើប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងគោលបំណងចង់ចាកចេញរបស់គេ។ ករណីនេះ លោក Ruben Amorim បានចេញមុខបកស្រាយថា លោកមិនពេញចិត្តចំពោះអត្តចរិករបស់កីឡាករអង់គ្លេស ខណៈរូបគេមិនអាចសម្របខ្លួនបានល្អទៅនឹងទម្រង់លេងថ្មី។ ពេលនេះ Man UTD កំពុងស្វែងរកឱកាសដើម្បីលក់រូបគេចេញ នៅទីផ្សារដោះដូរខាងមុខ ក្នុងតម្លៃខ្លួនជាង ៤០លានផោន។
សម្រាប់សាមីកីឡាករវិញ បានសារភាពថា រូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មី ហើយបើសិនជាត្រូវចាកចេញនោះគេក៏ត្រូវចាកចេញដោយកិត្តិយសដែរ។
កីឡាករ វ័យ២៧ឆ្នាំ អោយដឹងដូច្នេះ “ខ្ញុំបានត្រៀមខ្លួនហើយដើម្បីប្រជែងថ្មី។ នៅពេលខ្ញុំចាកចេញ វានឹងមិនមានអារម្មណ៍ពិបាកទេ។ អ្នកនឹងមិនមានការនិយាយអវិជ្ជមានណាមួយពីខ្ញុំជាមួយ Manchester United នោះទេ។
Rashford បានបន្ថែមថា “ខ្ញុំដឹងថា ស្ថានការណ៍អាក្រក់រួចទៅហើយ ដូច្នេះខ្ញុំមិនធ្វើឲ្យវាកាន់តែអាក្រក់ទៀតទេ។ ខ្ញុំបានឃើញពីរបៀបកីឡាករខ្លះ បានចាកចេញកន្លងមកគឺបាននិយាយមិនល្អពីក្លិប។ ខ្ញុំមិនចង់ក្លាយជាមនុស្សបែបនោះទេ។ នៅពេលខ្ញុំចាកចេញ ខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ហើយវានឹងចេញមកពីខ្ញុំផ្ទាល់ ព្រោះវាជាកិត្តិយសរបស់ខ្ញុំ។”
ក្រៅពី Marcus Rashford ហើយ បើតាមការចុះផ្សាយរបស់កាសែតកីឡាអង់គ្លេស The Mirror ក្លិប Manchester United ក៏ចង់បញ្ចេញកីឡាករមួយរូបទៀត គឺ Antony Santos ទាំងខាតបង់ប្រាក់មួយចំនួនធំក្តី៕