
សារព័ត៌មាន Sportskeeda បានរាយការណ៍ដំណឹងគួរអោយភ្ញាក់ផ្អើលនោះគឺ ក្រុម Man City មានបំណងខ្ចីជើងខ្សែប្រយុទ្ធ Lionel Messi ពីក្រុម Inter Miami។
ជាការពិត Man City បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតមួយ ដើម្បីតស៊ូជាមួយការធ្លាក់ទម្រង់លេងយ៉ាងខ្លាំងមិនធ្លាប់មាន។ ពួកគេ បានរងបរាជ័យ៩លើក ស្មើ២លើក និងឈ្នះតែ១លើកគត់ក្នុងការប្រកួត១២លើកចុងក្រោយ។ ក្រុមរបស់លោក Pep Guardiola ធ្វើបានយ៉ាងល្អនៅដើមរដូវកាលនេះ ប៉ុន្តែចាប់តាំងចាញ់ក្រុម Tottenham Hotspur លទ្ធផល ២-១ ធ្លាក់ចេញពីពានរង្វាន់ EFL Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយមក ក្រុម Man City បន្តធ្លាក់ទម្រង់កាន់តែខ្លាំង ហើយដើមហេតុផ្តើមចេញពីបញ្ហាកីឡាកររងរបួសជាច្រើននាក់។
លោក Pep Guardiola បានបង្កើតយុទ្ធសាស្ត្របម្រុងទុក ដើម្បីដោះស្រាយបញ្ហាអវត្តមានខ្សែបម្រើការពារ Rodri ដោយសាររបួស ប៉ុន្តែ គ្រូបង្វឹកវ័យ៥៣ឆ្នាំ ហាក់មិនចង់ស្វែងរកខ្សែបម្រើការពារបន្ថែមនោះទេ លោកហាក់បានផ្តល់សេចក្តីទុកចិត្តលើខ្សែបម្រើកណ្តាល Ilkay Gundogan ដែលរ៉ាប់រងតំបន់នោះរួចហើយ។
យ៉ាងណាមិញ មានការរាយការណ៍ថា លោក Pep Guardiola កំពុងផ្តោតលើកូនក្រុមចាស់ គឺខ្សែប្រយុទ្ធ Lionel Messi នៅទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខ។ លោក Pep Guardiola បង្ហាញការចាប់អារម្មណ៍ចុះហត្ថលេខាលើប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi នៅក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល៦ខែពីក្រុម Inter Miami នៃលីគកំពូលសហរដ្ឋអាមេរិក ដើម្បីជួយស្តារទម្រង់ក្រុម Man City ឡើងវិញ ។
អាជីពដ៏អស្ចារ្យបំផុតរបស់ Lionel Messi គឺជាមួយ Barcelona ហើយរូបគេលេចធ្លោកាន់តែខ្លាំង ក្រោមការដឹកនាំរបស់លោក Pep Guardiola ឆ្នាំ ២០០៨ ដល់ ២០១២ ដោយឈ្នះពានរង្វាន់ជាច្រើនជាមួយគ្នា។ តាមពិតនៅឆ្នាំ ២០២០ Messi ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងនឹងការផ្លាស់ទៅចូលរួមជាមួយ Man City ប៉ុន្តែអ្វីៗមិនដំណើរការដូចផែនការនោះទេ។ ជាលទ្ធផល Lionel Messi សម្រេចផា្លស់ទៅចូលរួមជាមួយ Paris Saint Germain កាលពីឆ្នាំ ២០២១៕