
សារព័ត៌មាន Daily Mail បានចុះផ្សាយថា ហ្វូងកណ្ដុរជាច្រើនត្រូវបានរកឃើញក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលសិក្សាស្វែងយល់ពីសុវត្ថិភាពនាពេលថ្មីៗនេះ ទៅកាន់កីឡដ្ឋាន Old Trafford របស់ក្លិប Man UTD។
ការរកឃើញនេះ បានធ្វើអោយមន្រ្តីសុខាភិបាលអង់គ្លេស ដែលទទួលខុសត្រូវលើការត្រួតពិនិត្យនិងវាយតម្លៃបានកាត់បន្ថយជុំវិញបញ្ហាម្ហូបអាហារបស់ក្លិបបិសាចក្រហម ដោយទម្លាក់តួនាទីពីលំដាប់ផ្កាយ ៥ មកនៅត្រឹមផ្កាយ២វិញ។
អ្នកត្រួតពិនិត្យបានរកឃើញភស្តុតាងនៃសកម្មភាពសត្វកណ្ដុរនៅជាន់ផ្ទាល់ដី ក៏ដូចជានៅក្នុងបញ្ជរលក់អាហាររបស់កីឡដ្ឋានដ៏ចំណាស់និងមានកេរ្ត៍ឈ្មោះល្បីល្បាញមួយនេះផងដែរ។
វាមិនមែនជាឧបទ្ទវហេតុរកឃើញថនិកសត្វលើកទីមួយទេដែលក្លិប Man UTD បានជួបប្រទះ ក៍ព្រោះតែទំាងទីតាំងរបស់កីឡដ្ឋាន Old Trafford គឺបានផ្សារភ្ជាប់រវាងប្រឡាយ និងផ្លូវរថភ្លើងហើយលើសពីនេះ អាកាសធាតុត្រជាក់ក្នុងអំឡុងរដូវរងាអាចជាមូលហេតុ ធ្វើអោយស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
ដោយសារបញ្ហានេះ អ្នកជំនាញផ្នែកគ្រប់គ្រងសត្វល្អិតបានរាយការណ៍ថា ពួកគេនឹងទៅធ្វើការងារជាមួយក្លិប Man UTD រហូតដល់ទៅ ៥ ដងក្នុងមួយសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាព ព្រោះគោលបំណងគឺដើម្បីកម្ចាត់មេរោគពីវាយលុករបស់ហ្វូងសត្វកណ្តុរនៅក្នុងកីឡដ្ឋាន Old Trafford ៕