
លោក David Coote អតីតមន្ត្រីអាជ្ញាកណ្តាលនៃក្របខណ្ឌ Premier League នឹងមិនធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបណ្តេញរូបលោក ចេញពីស្ថាប័នអាជ្ញាកណ្តាលបាល់ទាត់របស់អង់គ្លេស PGMOL ទេ។
បុរស វ័យ ៤២ ឆ្នាំបានកាត់ក្តីការប្រកួតដែល Liverpool ឈ្នះ ទល់នឹង Aston Villa ២-០កាលពីការប្រកួត Premier League សប្តាហ៍ទី១១។ លោកគឺជាមន្ត្រីអាជ្ញាកណ្តាលដែលមានបទពិសោធន៍ច្រើនមួយរូបរបស់ Premier League ហើយបានធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតលីគកំពូលអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៨ មក ។ ទោះយ៉ាងណា វីដេអូបែកធ្លាយ ដែលត្រូវបានចែករំលែកហាក់ដូចជាសំដៅទៅលើការប្រកួតក្របខណ្ឌ Premier League ដែលលោក Coote ដឹកនាំការប្រកួតរវាង Liverpool និង Burnley ក្នុងខែកក្កដាឆ្នាំ ២០២០ ដែលបានបញ្ចប់ក្នុងលទ្ធផល ១-១ ។
លោក Klopp ដែលកាលណោះនៅកាន់តំណែងជាគ្រូបង្វឹក Liverpool បានរិះគន់លោក Coote បន្ទាប់ពីចប់ការប្រកួត ដោយនិយាយថា អាជ្ញាកណ្តាលមិនបានពិន័យកីឡាករដែលមានកំហុសចំពោះការជែងយកបាល់ពីកីឡាកររបស់ Liverpool។
ទោះយ៉ាងណាក្រោយមក មន្ត្រីអាជ្ញាកណ្តាលោក David Coote បែរជាមានវីដេអូ និយាយរិះគន់លោក Jurgen Klopp ថាជាមនុស្សក្រអឺតក្រទម និងបាននិយាយពាក្យមិនល្អអំពីលោក Jurgen Klopp ជាច្រើនដងទៀត។
ក្រោយបែកធ្លាយរឿងនេះ លោក David Coote ត្រូវបាន PGMOL ព្យួរការងារ និងត្រូវរងការស៊ើបអង្កេត ហើយក្រោយពីការដំណើរការការស៊ើបអង្កេតរួចរាល់ ក៏បានរកឃើញថា បុរសជនជាតិអង់គ្លេសរូបនេះ មានភាពមិនសមរម្យ និងមិនអាចបន្តការងារជាអាជ្ញាកណ្តាលបាល់ទាត់នៅអង់គ្លេសទៀតនោះទេ គឺត្រូវបានបញ្ចប់តំណែងតែម្តង។
ទោះយ៉ាងណា លោក David Coote មានសិទ្ធិប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចចិត្តរបស់ PGMOL ប៉ុន្តែរូបលោកបានសម្រេចចិត្តមិនធ្វើដូច្នេះទេ ហើយក៏មិនបានបញ្ជាក់ពីហេតុផលដែលលោកសម្រេចមិនប្តឹងឧទ្ទរណ៍ដែរ។
ដោយឡែក បើទោះជាត្រូវបាន PGMOL បញ្ចប់តំណែងជាមន្ត្រីអាជ្ញាកណ្តាលបាល់ទាត់ក៏ពិតមែន ប៉ុន្តែលោក David Coote ក៏បន្តស្ថិតនៅក្រោមការស៊ើបអង្កេតដោយសមាគមបាល់ទាត់អង់គ្លេស FA និង សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជុំវិញទង្វើរបស់លោកផងដែរ៕