
គ្រូបង្វឹកលោក Ange Postecoglou បាននិយាយថា ក្រុម Tottenham Hotspur របស់លោក ត្រូវការពង្រឹងក្រុមឡើងវិញ ដូច្នេះពួកគេត្រូវការកីឡាករថ្មីៗជាចាំបាច់នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
Tottenham Hotspur បានចាញ់ ៣ ប្រកួតក្នុងចំណោមការប្រកួតក្របខណ្ឌ Premier League ចំនួន៤លើកចុងក្រោយរបស់ពួកគេ ដោយក្នុងនោះមានការបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងទឹកដីខ្លួន ឯង ក្រោមថ្វីជើងរបស់ក្រុម Liverpool ៦-៣ ដែលធ្វើអោយក្រុម ធ្លាក់ទៅចំណាត់ថ្នាក់ទី ១១ ក្នុងតារាងពិន្ទុ។
លទ្ធផលអាក្រក់របស់ក្រុមមាន់ខ្នាយមាសនេះ បានកើតឡើងស្របពេលដែលក្រុមកំពុងជួបបញ្ហាកីឡាករសំខាន់ៗជាច្រើនរូបរងរបួស ដែលក្នុងនោះរួមមានអ្នកចាំទី Guglielmo Vicario ខ្សែការពារ Micky van de Ven និង Cristian Romero។
ទាក់ទិននឹងរឿងនេះលោក Postecoglou បានបញ្ជាក់ថា ក្រុមមានបំណងពង្រឹងសមត្ថភាពឡើងវិញនៅក្នុងខែមករា ដោយការនាំយកកីឡាករថ្មីៗបន្ថែមទៀត។
គ្រូបង្វឹកវ័យ៥៩ឆ្នាំ បានថ្លែងដូច្នេះ “ដូចដែលខ្ញុំបាននិយាយកាលពីមួយរយៈមុន យើងបានគ្រោងទុកវាហើយ។ យើងនៅមានបញ្ហានៅក្នុងផ្នែកមួយចំនួនក្នុងក្រុម ហើយយើង ចាំបាច់ត្រូវពង្រឹងវាឡើងវិញ។ ការនាំយកកីឡាករថ្មីៗនៅខែមករា ទំនងអាចជួយយើងបានច្រើនក្នុងរឿងនេះ។”
ថ្វីត្បិតតែ Tottenham Hotspur មានលទ្ធផលមិនសូវល្អក្នុងការប្រកួតក្របខណ្ឌ Premier League ក៏ដោយ ប៉ុន្តែពួកគេបានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL Cup បន្ទាប់ពីយកឈ្នះ ៤-៣ ទៅលើ Manchester United កាលពីពេលកន្លងទៅ។
ដោយឡែក Tottenham Hotspur នឹងបន្តការប្រកួត Premier League របស់ពួកគេ ដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ Nottingham Forest នៅថ្ងៃ Boxing Day គឺថ្ងៃទី២៦ ខែធ្នូ នេះ៕