
ក្លិបចំនួន៣នៅក្របខណ្ឌ Premier League ដែលរួមមាន Newcastle United, Aston Villa និង West Ham United សុទ្ធតែបានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រជែងគ្នាដើម្បីផ្ទេរយកខ្សែការពារ Fikayo Tomori របស់ក្លិបអ៊ីតាលី AC Milan ។
កីឡាករអង់គ្លេស បានចូលរួមជាមួយ AC Milan ដោយផ្លាស់ពី Chelsea នៅរដូវក្តៅឆ្នាំ២០២១ តម្លៃ២៤លានផោន បន្ទាប់ពីលេងជាកីឡាករខ្ចីជើងប្រកបដោយភាពជោគជ័យនៅកីឡដ្ឋាន San Siro រួចមក។
Fikayo Tomori មានភាពរីករាយនៅក្នុងប្រទេសអ៊ីតាលី ដោយបានឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលដំបូងរបស់គេបន្ទាប់ពីការផ្លាស់ទៅជាអចិន្ត្រៃយ៍ និងចាប់ផ្តើមការប្រកួតជាកីឡាករសំខាន់មួយរូបរបស់ AC Milan មុនពេលរូបគេរងរបួសសរសៃពួរកាលពីរដូវកាលមុន។
ក្រោយពីធូរស្រាលរបួស Tomori បានព្យាយាមដណ្តើមយកកន្លែងក្នុងក្រុមរបស់ខ្លួនមកវិញប៉ុន្តែហាក់មិនបានផល ដោយគេបានលេងត្រឹម៣៨ភាគរយនៃនាទីដែលធ្លាប់លេងកាលពីមុន។ កិច្ចសន្យារបស់ Tomori ជាមួយ AC Milan ដំណើរការរហូតដល់រដូវក្តៅឆ្នាំ ២០២៧ តែពេលនេះ AC Milan ត្រូវបានរាយការណ៍ថា មានបំណងលក់កីឡាករ វ័យ២៧ឆ្នាំចេញ ដោយសាររូបគេនៅមានសមត្ថភាព និង នៅមានតម្លៃខ្ពស់។ AC Milan អាចបញ្ចេញ Fikayo Tomori ក្នុងតម្លៃ ៣០ លានអឺរ៉ូ។
ជាមួយនឹងដំណឹងនៃការចង់លក់ចេញនេះដែរ Fikayo Tomori ត្រូវបានបង្ហើបអោយដឹងថា សាមីកីឡាករ មានទស្សនវិស័យក្នុងការវិលត្រឡប់ទៅកាន់ក្របខណ្ឌ Premier League វិញហើយក្លិបដូចជា Newcastle, Aston Villa និង West Ham គឺជាបេក្ខភាពនាំមុខគេសម្រាប់ការចុះហត្ថលេខានាំយករូបគេទៅចូលរួម។
ទោះយ៉ាងណា ក្នុងចំណោមក្លិបទាំង៣នេះ ក្លិប Aston Villa ចង់បាន Fikayo Tomori ជាងគេ ដ្បិតក្លិបចង់រួមបញ្ចូលរូបគេ ក្នុងការប្រកួតប្រជែងជាមួយ Pau Torres, Diego Carlos, Ezri Konsa, និងTyrone Mings រួមទាំងបង្កើនប្រព័ន្ធការពាររបស់ក្រុមអោយមានភាពរឹងមាំជាងមុនផងដែរ៕