ខ្សែប្រយុទ្ធ Marcus Rashford របស់ Man UTD កំពុងជួបបញ្ហាធំផ្ទួនៗគ្នា ទាំងអាជីពនៅលើទីលាន និងជីវិតស្នេហា នៅខណៈដែលឆ្នាំ ២០២៤ ជិតបញ្ចប់ទៅនេះ ។
យោងតាមប្រភពជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយនៅអង់គ្លេសដូចជា សារពត៌មាន The Sun ជាដើម បានរាយការណ៍ថា Marcus Rashford បច្ចុប្បន្នកំពុងត្រូវបានទម្លាក់ចេញពីបញ្ជីក្រុមឈុតធំ Man UTD ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Ruben Amorim ។
យ៉ាងណាមិញ ជាការបញ្ជាក់ម្តងទៀតពីលោក Ruben Amorim អោយដឹងថា ការបដិសេធមិនបញ្ចូល Rashford ទៅក្នុងបញ្ជីក្រុមសម្រាប់ការប្រកួតកន្លងមក ដោយសារទម្រង់មិនល្អរបស់គេ ហើយលោកត្រូវការកីឡាករពេញជើងសម្រាប់ការប្រកួត។ បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ៣៩ឆ្នាំ បានប្រាប់ Rashford ហើយថា គេនឹងអាចវិលត្រឡប់មកចូលរួមជាមួយក្រុមវិញ ប្រសិនបើទម្រង់ និងអាកប្បកិរិយា មានភាពល្អប្រសើរ។
ខណៈកំពុងប្រឈមនឹងភាពតានតឹងខ្លាំងជាមួយអាជីពបាល់ទាត់ Rashford មកត្រូវប្រឈមមុខនឹងស្ថានភាពជីវិតសេ្នហាថែមទៀត ដោយថ្មីៗនេះតារាកម្មវិធីទូរទស្សន៍ល្បីរបស់ចក្រភពអង់គ្លេស និងជាភ្នាក់ងារទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម នាង Grace Jackson វ័យ២៥ឆ្នាំ បានប្រកាសចែកផ្លូវជាមួយ Marcus Rashford ដោយសាររូបគេ មិនសូវមានចិត្តធ្ងន់ចំពោះនាង ហើយនាងក៏បានចុច Unfollow រូបគេនៅលើបណ្តាញសង្គម Instagram រួចហើយ។
នាងបានដឹងច្បាស់ថានៅជាមួយ Rashford គ្មានអនាគតនោះទេ ដូច្នេះហើយទើបនាងសម្រេចកាត់ផ្តាច់ចំណងស្នេហាមួយនេះតែម្តង៕