×

គ្រូ Man City ការពារ Erling Haaland ក្រោយរកគ្រាប់បាល់មិនសូវបាននៅរដូវកាលនេះ

គ្រូបង្វឹក Man City លោក Pep Guardiola បាននិយាយការពារ ខ្សែប្រយុទ្ធ Erling Haaland បន្ទាប់ពីរូបគេត្រូវបានអ្នកសារពត៌មានចោទសួរពីបញ្ហារកគ្រាប់បាល់មិនសូវបានច្រើន ក្នុងការប្រកួតរដូវកាលនេះ។

ក្នុងចំណោម១២ប្រកួតចុងក្រោយ Erling Haaland រកបានតែ៣គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធសំខាន់មួយរូប។ កីឡាករន័រវេស បានលេងពេញពេញ៩០នាទី ហើយគេក៏បានបរាជ័យក្នុងការរកគ្រាប់បាល់ជាថ្មីក្នុងជំនួបដែល Man City ចាញ់ Aston Villa ២-១ កាលពីពេលកន្លងទៅ។

នេះវាមានន័យថា ១២ប្រកួតចុងក្រោយ Man City ឈ្នះបានតែ១ដងប៉ុណ្ណោះ ក្នុងចំណោម១២ប្រកួតហើយក្នុងនោះចាញ់រហូតដល់ទៅ៩ប្រកួត។ ក្រុមរហស្សនាមមេឃខៀវ ដែលធ្លាប់តែមានសមត្ថភាពខ្លាំងនៅប៉ុន្មានរដូវកាលចុងក្រោយ បានរងបរាជ័យ៦ប្រកួតហើយនៅ ក្របខណ្ឌ Premier League ហើយបើគិតពីការឆ្លងកាត់ ១២ប្រកួតគ្រប់កម្មវិធី ពួកគេចាញ់ ៩ប្រកួតជាប់គ្នាទៅហើយសម្រាប់រដូវកាលនេះ។

នៅពេលដែលត្រូវបានចោទសួរអំពី លទ្ធផលមិនល្អ និង ការរកគ្រាប់បាល់មិនសូវបានរបស់ខ្សែប្រយុទ្ធឆ្នើម Erling Haaland នោះ លោក Pep Guardiola បាននិយាយការពារកីឡាកររបស់ខ្លួន ដោយថា ភាពធ្លាក់ចុះរបស់ក្រុមមិនមែនដោយសារការរកគ្រាប់មិនបានរបស់ Haaland ទេ តែជាបញ្ហារបស់សមាជិកទាំងអស់គ្នា។

គ្រូបង្វឹក វ័យ៥៣ឆ្នាំបានថ្លែងដូច្នេះថា “វាមកពីយើងទាំងអស់គ្នា មិនមែនមកពីកីឡាករម្នាក់ណានោះទេ។ កាលពីមុនយើងរកគ្រាប់បាល់បាន Erling មានភាពរីកចំរើន និងកំពុងតែពេញល្អខ្លាំង។ គេបានជួយយើងច្រើន ហើយពេលនេះក្រុមធ្លាក់ចុះគឺមកពីយើងគ្រប់គ្នា មិនមែនមកពីគេនោះទេ។”

ដោយឡែក Man City កំពុងត្រៀមខ្លួនក្នុងការប្រកួត Premier League នៅថ្ងៃ Boxing Day ដោយត្រូវបើកទ្វារកីឡដ្ឋាន Etihad ស្វាគមន៍ Everton នៅយប់នេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង