×

Chelsea ជាក្លិបចំណាយខ្ពស់បំផុតលើកីឡាកររបួសនៅ Premier League

ការនាំចូលកីឡាករជារឿងសំខាន់ជាងគេបំផុតនៅក្នុងវិស័យបាល់ទាត់ ហើយក៏ជាវិធីសាស្ត្រដែលធ្វើអោយក្រុមអាចប្រកួតប្រជែងទទួលបានជោគជ័យ នៅក្នុងវិស័យបាល់ទាត់សម័យទំនើប។

ក្លិបមួយចំនួន ដូចជា Manchester United និង Chelsea ជាដើម បានចំណាយប្រាក់រាប់រយលានផោន ដើម្បីព្យាយាមកសាងក្រុមអោយល្អដើម្បីប្រជែងតំណែងកំពូលនៅក្នុងក្របខណ្ឌ Premier League ប៉ុន្តែពេលខ្លះពួកគេក៏ជួបបរាជ័យវិញដែរ។ មូលហេតុចម្បងបំផុតដែលនាំអោយក្រុមជើងខ្លាំងទាំងនោះបរាជ័យ ក៏ព្រោះតែភាគច្រើនកីឡាករ ពួកគេនាំយកចូលមកហើយដាក់ក្តីរំពឹងខ្ពស់ខ្លាំងនោះ បែរជាជួបបញ្ហារបួស ឬមួយធ្លាក់ទម្រង់លេង តម្រូវអោយពួកគេត្រូវស្ថិតនៅត្រឹមនាមជាកីឡាករអង្គុយកៅអីបម្រុង។

ហេតុផលនៃការរបួសនេះ ក៏ក្លាយជាបន្ទុកក្លិប ដោយពួកគេតែងតែត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើស្ថានភាពកីឡាករ ដែលជួបបញ្ហារបួសក្នុងក្រុម។ ក្នុងនោះដែរ កំណត់ត្រាក្លិបស្ថិតក្នុងក្របខណ្ឌ Premier League ដែលបានចំណាយប្រាក់សន្ធឹកសន្ធាប់ លើកីឡាកររបួសច្រើនជាងគេ ចាប់តាំងពីដើមរដូវកាល ២០២៣-២៤ មក បើគិតមកទល់ពេលនេះគឺក្លិប Chelsea ជាក្លិបចំណាយច្រើនជាងគេលើកីឡាកររបួសនៅ Premier League។ ជាក់ស្តែង Chelsea មានកីឡាកររបួសចំនួន ១៧នាក់, ចំនួនថ្ងៃព្យាបាលសរុប ២១៧១ថ្ងៃ ដោយជាមធ្យមកីឡាករម្នាក់ប្រើពេល ១២៧ ថ្ងៃ ជាមួយទឹកប្រាក់សរុប ៤៤,៦លានផោន។

ក្លិប Manchester United ជាក្លិបលំដាប់ទី២ ដែលចំណាយច្រើនលើកីឡាកររបួស ដោយមាន កីឡាករបួសចំនួន ១៨នាក់ ចំនួនថ្ងៃព្យាបាលសរុប ២៣៦៩ថ្ងៃ ជាមធ្យមកីឡាករម្នាក់ប្រើពេល ១៣១ថ្ងៃ ទឹកប្រាក់សរុប ៣៩,២លានផោន។

រីឯ Manchester City ជាក្លិបទី៣ ចំណាយលើការព្យាបាលកីឡាករច្រើនជាងគេ ដោយមានកីឡាកររបួស ១៦នាក់ ចំនួនថ្ងៃព្យាបាលសរុប ៨៦១ថ្ងៃ ជាមធ្យមកីឡាករម្នាក់ប្រើពេល ៥៣,៨ថ្ងៃ ទឹកប្រាក់សរុប ២៨,១លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង