×

គ្រូ Man City ថា ក្រុមប្រឈមការបាត់បង់កៅអីលេង UEFA Champions League

គ្រូបង្វឹក លោក Pep Guardiola បានលើកឡើងថា Man City កំពុងធ្លាក់ក្នុងវិបត្តិប្រឈមអស់កៅអីប្រជែងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ ព្រោះតែបញ្ហាធ្លាក់ទម្រង់លេងក្នុងក្រុមដូចពេលបច្ចុប្បន្ន។

Man City រដូវកាល ២០២៤-២៥ ហាក់បីជាបានបោះបង់ចោលនូវគ្រោងការប្រជែងពានរង្វាន់ Premier League របស់ខ្លួនរួចទៅហើយ បន្ទាប់ពីក្រុមបានជួបបញ្ហាធ្លាក់ទម្រង់លេងខ្លាំង ទទួលលទ្ធផលមិនល្អ។
ជាក់ស្តែង ក្នុងការប្រកួត Premier League នៅថ្ងៃ Boxing Day ក្រុមរហស្សនាមមេឃខៀវ មិនទាន់ស្វែងរកជ័យជំនះមកវិញបានទេ ដោយបានត្រឹមស្មើ Everton ១-១ ក្នុងកីឡដ្ឋាន Etihad ។

យ៉ាងណាក្រុមការពារតំណែងជើងឯក មិនបោះបង់ចោលបំណងឈ្នះកៅអីទៅការប្រកួតពានរង្វាន់ UEFA Champions League លើកទី១៥ ជាប់គ្នារបស់ខ្លួននោះឡើយ។

ក្រុមធ្លាក់ទម្រង់លេងមិនទាន់រកឃើញវិធីសាស្ត្រកែប្រែបែបនេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បង្ហាញក្តីបារម្ភ និងអះអាងថាក្រុមកំពុងប្រឈមនឹងបាត់កៅអី UEFA Champions League។

បុរសវ័យ៥៣ឆ្នាំ បាននិយាយដូច្នេះ “មនុស្សជាច្រើនបាននិយាយថាការឈ្នះកៅអីទៅ UEFA Champions League មិនមែនជាជោគជ័យធំនោះទេ។ តែខ្ញុំយល់ថា ព្រោះតែវាកើតឡើងជាមួយនឹងក្លិបក្នុងប្រទេសមួយនេះ។ ពួកគេតែងតែជាក្រុមដ៏ខ្លាំងនៅរៀងរាល់ឆ្នាំ ហើយបន្ទាប់មកពួកគេក៏មិនអាចប្រកួតប្រជែងបានទៀតក្នុង UEFA Champions League ហើយក្រុមតែមួយដែលតែងបានទៅលេងនៅ Champions League ច្រើនឆ្នាំជាប់គ្នាមកនោះគឺជា Man City។ តែឥឡូវយើងធ្លាក់ក្នុងវិបត្តិ យើងអាចប្រឈមមុខនឹងរឿងនេះ។”

Man City ដែលជាក្រុមការពារតំណែងជើងឯក Premier League មានគម្លាត ១៤ពិន្ទុ ពីក្រោយក្រុមកំពូលតារាង Liverpool ហើយខ្លួនកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៧ បន្ទាប់ពីការប្រកួតក្នុងលីគកំពូលអង់គ្លេសចំនួន ៩លើកចុងក្រោយ រកបានជ័យជំនះតែមួយលើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង