Man UTD បានបន្តជួបការបរាជ័យទៀត ក្នុងការប្រកួតក្របខណ្ឌ Premier League ដោយបានចាញ់នៅក្នុងទឹកដីរបស់ Wolverhampton Wanderers ។ ក្រោយការបរាជ័យនោះ គ្រូបង្វឹក Man UTD លោក Ruben Amorim បានទទួលស្គាល់ថា លោកត្រូវការពេលវេលាយូរទៀត ដើម្បីស្តារក្រុមបិសាចក្រហមមួយនេះឡើងវិញ។
ការប្រកួត Premier League នៅថ្ងៃ Boxing Day ក្រុម Man UTD បានចាញ់ Wolverhampton តាមរយៈលទ្ធផល ២-០ នៅកីឡដ្ឋាន Molineux ។ ការប្រកួតក្នុងវគ្គទី១ មិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីនោះទេ ពីសំណាក់កីឡាករក្រុមទាំងសងខាង។
ចូលដល់វគ្គទី២ ក្រុម Man UTD បានជួបប្រទះបញ្ហា ដោយកីឡាករត្រូវសល់គ្នាតែ១០នាក់ក្រោយពីប្រធានក្រុម Bruno Fernandes ត្រូវបានពិន័យកាតលឿងទី២ស្មើកាតក្រហម។ មានប្រៀបទៅលើចំនួនសមាជិកបែបនេះ ក្រុមម្ចាស់ផ្ទះ Wolverhampton បានបង្កើនការវាយសម្រុក រហូតអាចរកបានគ្រាប់បាល់ទី១ ដោយ Matheus Cunha នៅនាទី៥៨។ សម្រាប់ Man UTD បានព្យាយាមវាយសម្រុករកគ្រាប់បាល់មកវិញ តែមិនជោគជ័យ ហើយត្រូវរបូតគ្រាប់ទី២ទៀត ទៅអោយ Wolverhampton ទៀត ដែលស៊ុតដោយកីឡាករ Hwang Hee-chan នៅនាទី៩០+៩ មុនចប់ការប្រកួត។
នេះគឺជាការបរាជ័យទី៥ហើយរបស់លោក Ruben Amorim ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Man UTD ក្រោយដឹកនាំបាន១០ប្រកួតគ្រប់កម្មវិធី។ ជាមួយនឹងលទ្ធផលបែបនេះ លោក Ruben Amorim បានទទួលស្គាល់ថា វាមានភាពលំបាក ហើយលោកមិនច្បាស់ទេ តែលោកប្រាកដថា លោកត្រូវការប្រើរយៈពេលយូរទៀត ក្នុងការស្តារក្រុមមួយនេះឡើងវិញ។
គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បានអោយដឹងដូច្នេះ “ គំនិតរបស់ខ្ញុំ គឺយើងត្រូវការពេលវេលា។ ខ្ញុំបាននិយាយវាពីមុនហើយថានេះនឹងក្លាយជាពេលវេលាដ៏លំបាកមួយ ហើយយើងនៅឆ្ងាយពីអ្វីដែលយើងចង់បាន។ ខ្ញុំមិនដឹងថា យើងត្រូវការពេលវេលាប៉ុន្មានទេ ប៉ុន្តែច្បាស់ណាស់វាជាពេលវេលាយូរ ដើម្បីស្តារក្រុម។ ជាជាងការផ្តោតលើពេលវេលា យើងគួរតែ ប្រឹងប្រែង និង ផ្តោតអារម្មណ៍លើការប្រកួតបន្ទាប់របស់យើង។”
បរាជ័យនេះ បានធ្វើអោយ Man UTD រអិលចុះទៅលេខ ១៤ ក្នុងតារាងពិន្ទុ Premier League ដោយមាន២២ពិន្ទុ ខណៈ Wolverhampton នៅឈរលេខ ១៧ មាន ១៥ពិន្ទុ៕