×

គ្រូ Liverpool សរសើរការខិតខំរបស់កីឡាករខ្លួនក្រោយវាយបកឈ្នះ Leicester City

គ្រូបង្វឹក Liverpool លោក Arne Slot បានធ្វើការកោតសរសើរពីការខិតខំរបស់កីឡាកររបស់ខ្លួន បន្ទាប់ពីពួកគេប្រឹងប្រែងក្នុងការប្រកួត ដើម្បីវាយបកយកឈ្នះក្រុម Leicester City បានសម្រេច នៅក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីយប់មិញ។

ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Anfield មានប្រៀបជាងទៅលើការគ្រប់គ្រងបាល់ដោយពួកគេធ្វើបានដល់ទៅ ៦៨ ភាគរយ ខណៈឱកាសស៊ុតមានដល់ទៅ ១៩ ដង រីឯក្រុមគូប្រជែង Leicester City មានឱកាសស៊ុតតែ៤ដង។ យ៉ាងណាក៏ដោយ ការប្រកួតដំណើរការបាន៤នាទី សម្រាប់តែ Leicester City មានឱកាសនាំមុខមុនទៅវិញ ដោយការស៊ុតរបស់ Jordan Ayew ។ បែបនេះក្តី ក្រុមម្ចាស់ផ្ទះ Liverpool មិនបោះបង់ការតស៊ូទេ ដោយប្រឹងប្រែងវាយសម្រុក រហូតអាចតាមស្មើមកវិញ ដោយ Cody Gakpo នៅមុនចប់វគ្គទី១តែបន្តិច។

ការប្រកួតក្នុងវគ្គទី២វិញ ក្រុម Liverpool បានវាយលុកយ៉ាងខ្លាំង ហើយក៏អាចរកបានបន្ថែម២គ្រាប់មកទៀត ដោយការស៊ុតរបស់ Curtis Jones នៅនាទី៤៩ និង ការស៊ុតរបស់ Mohamed Salah នៅនាទី ៨២ ខណៈ ក្រុម Leicester City មិនអាចរកបានគ្រាប់បាល់ជាបន្តទេ។ លទ្ធផលចប់ការប្រកួតគឺ Liverpool ៣ Leicester City ១។

វាជាជោគជ័យសាជាថ្មីរបស់ក្រុមហង្សក្រហម ដោយមកទល់ពេលនេះ ពួកគេបានរក្សាភាពមិនចាញ់ក្នុងការប្រកួតលីគកំពូលអង់គ្លេសចំនួន ១៣ប្រកួតហើយ។ ការប្រឹងប្រែងរបស់កូនក្រុមក្នុងការវាយបកយកឈ្នះក្រុមគូប្រជែងវិញនេះដែរ បានធ្វើអោយគ្រូបង្វឹក Liverpool លោក Arne Slot មានការពេញចិត្ត យ៉ាងខ្លាំង និងបានកោតសរសើរពីភាពតាំងចិត្តយ៉ាងមុតមាំ របស់ក្រុមកីឡាករ ដើម្បីស្វែងរកជ័យជំនះអោយទាល់តែបាន។

គ្រូបង្វឹកជនជាតិហូឡង់បាននិយាយក្រោយចប់ការប្រកួតថា “ពួកយើងពិតជាមានការចាប់ផ្តើមដ៏ល្អ។ យើងបានគាបសង្កត់គូប្រកួត ប៉ុន្តែបន្ទាប់មកពេលមួយដែលយើងមើលស្រាលស្ថានភាព ហើយវាបាននាំអោយមានឱកាស និងគ្រាប់បាល់ភ្លាមៗ ទៅលើគូប្រកួតរបស់យើង។ យ៉ាងណា យើងបានខិតខំយ៉ាងខ្លាំងដើម្បីត្រលប់ស្ថានការណ៍មកវិញក្នុងការប្រកួត។ ខ្ញុំមើលឃើញថា កូនក្រុមរបស់ខ្ញុំពិតជាប្រឹងប្រែង ហើយ មានស្មារតីរឹងមាំ។ ពួកគេសហការគ្នារហូតបានឈ្នះមកវិញ នេះជាអ្វីដែលធ្វើអោយខ្ញុំជាគ្រូបង្វឹកមានភាពរីករាយ។”

សម្រាប់ជ័យជំនះនេះ បានធ្វើអោយ Liverpool នៅឈរកំពូលតារាង Premier League មាន ៤២ពិន្ទុ នាំមុខក្រុមលេខ២ Chelsea ៧ពិន្ទុ តែ Liverpool សល់១ប្រកួតក្នុងដៃ។ រីឯ Leicester City បរាជ័យនេះបានធ្វើអោយពួកគេស្ថិតនៅលេខ១៨ តំបន់កាត់ចោលមាន ១៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង