×

គ្រូ Man UTD ថា ខ្លួនមានភាពតានតឹងក្រោយទទួលលទ្ធផលមិនល្អជាបន្តបន្ទាប់

គ្រូបង្វឹក លោក Ruben Amorim បាននិយាយថា លោកមានភាពតានតឹង ពេលក្រុម Man UTD ធ្លាក់ក្នុងស្ថានភាពត្រដាបត្រដួស ក្នុងការប្រកួតក្របខណ្ឌ Premier League ក្រោមការដឹកនាំរបស់ខ្លួន ។

Man UTD បន្តចាញ់ Wolves ដោយលទ្ធផល ២-០ ក្នុងការប្រកួត Premier League កាលពីសប្តាហ៍កន្លងទៅ។ ចាញ់ការប្រកួតនោះធ្វើអោយ Man UTD ក្រោមការដឹកនាំរបស់លោក Ruben Amorim រងបរាជ័យ ៤លើក ក្នុងលីគកំពូលអង់គ្លេស។ រដូវកាលដំបូងនៃការដឹកនាំក្រុមបិសាចក្រហម របស់បុរសវ័យ ៣៩ឆ្នាំ គឺជួបបញ្ហាជាច្រើនដែលបានបង្អាក់ដំណើរក្នុងការកសាងក្រុមអោយវិលទៅរកកម្រិតខ្លាំងឡើងវិញ។

នៅពេលត្រូវបានក្រុមអ្នកកាសែតចោទសួរទាក់ទងពីបញ្ហាក្រុម លោក Amorim បាននិយាយ ថា លោកមានភាពតានតឹងដោយក្រុមកំពុងស្ថិតក្នុងដំណាក់កាលពិបាក និងត្រូវប្រឹងប្រែងបម្រាសខ្លួនចេញពីតំបន់គ្រោះថ្នាក់។ លោក Amorim ក៏ចង់អោយក្រុមបោះបង់គំនិតប្រជែងកៅអីលេងពានអឺរ៉ុប ហើយផ្តោតលើការកសាងប្រព័ន្ធលេងក្នុងក្រុមអោយល្អឡើងវិញ។

គ្រូបង្វឹកជនជាតិព័រទុយហ្កាល់អោយដឹងដូច្នេះ “ក្នុងពេលនេះយើងត្រូវតែប្រឹងប្រែងបម្រាសខ្លួនចេញពីស្ថានភាពពិបាកនេះ ហើយត្រូវដណ្តើមពិន្ទុឡើងវិញ។ ការប្រជែងដណ្តើមកៅអីពានអឺរ៉ុប គឺគ្មាននោះទេនៅពេលនេះ យើងត្រូវធ្វើការងារច្រើនណាស់ទាំងនៅក្នុងទីលាន និងនៅក្រៅទីលានប្រកួត។ ស្ថានភាពនេះពិតជាធ្វើអោយខ្ញុំមានភាពតានតឹងពិតមែន។”

Man UTD បច្ចុប្បន្នកំពុងឈរលេខ១៤ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ២២ពិន្ទុ។ ពួកគេនឹងបន្តការប្រកួត ដោយត្រូវប៉ះ Newcastle United នៅកីឡដ្ឋាន Old Trafford នៅយប់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង