លោក Pep Guardiola គ្រូបង្វឹក Man City បាននិយាយថា លោកមានភាពធូរស្រាលចិត្តមកវិញខ្លះ បន្ទាប់ពីក្រុមមេឃខៀវរបស់លោក រកបានជ័យជំនះមកវិញ គឺបានឈ្នះ Leicester City ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន King Power នោះ Savinho ជាអ្នករកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ Man City នៅនាទី ២១ ដែលជាការស៊ុតបាល់តែ១គ្រាប់នៅក្នុងវគ្គទី១។
នៅក្នុងវគ្គទី២ Man City នៅតែបន្តគាបសង្កត់គូប្រកួតរបស់ខ្លួន រហូតអាចរកបានគ្រាប់ទី២ ដែលតែតបញ្ចូលទីដោយ Erling Haaland នៅក្នុងនាទី៧៤។ សម្រាប់ក្រុម Leicester City មិនអាចរកគ្រាប់បាល់បាននោះទេ បើទោះជាការប្រកួតនេះ ពួកគេមានឱកាសស៊ុតដល់ទៅ១១ដងក្តី។លទ្ធផលចប់ការប្រកួតគឺ Man City ២ Leicester City ១។
នេះជាការរកបានជ័យជំនះលើកដំបូង មកវិញរបស់ក្រុម Man City នៅក្នុង៥ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងក្របខណ្ឌ Premier League។ ជ័យជំនះនេះក៏ចំពេលនៃការដឹកនាំ Man City គម្រប់ ៥០០ ប្រកួតរបស់ លោក Pep Guardiola ផងដែរ។ បន្ទាប់ពីជួបភាពអួរអព្ទ ជាច្រើនប្រកួតកន្លងមក ជ័យជំនះនេះបានធ្វើអោយ គ្រូបង្វឹកជនជាតិអេស្ប៉ាញ ទទួលស្គាល់ថា វាបានធ្វើអោយលោក មានភាពធូរស្រាលនៅក្នុងចិត្តបានមួយចំនួន។
លោក Pep Guardiola បានអោយដឹងបែបនេះ “ ពិតណាស់ ច្រើនថ្ងៃហើយ ដែលយើងមិនឈ្នះតែយើងទម្លាប់ជាមួយនឹងវា ប៉ុន្តែជ័យជំនះបានធ្វើអោយខ្ញុំធូរស្បើយ។ ប្រកួតទល់នឹង Leicester City យើងមិនបានលេងដល់ចំនុចល្អបំផុតរបស់យើងវិញទេ ប៉ុន្តែយើងលេងបានល្អ ហើយយើងរីករាយចំពោះលទ្ធផលសម្រាប់កីឡាករ ការប្តេជ្ញាចិត្តរបស់ពួកគេនៅទីនេះ។”
បុរសវ័យ ៥៣ឆ្នាំបន្តថា “កូនក្រុមរបស់ខ្ញុំមានការប្តេជ្ញាចិត្ត ប៉ុន្តែយើងដឹងច្បាស់ថា យើងមិនអាចប្រជែងពានរង្វាន់ Premier League ទៀតទេ។ យើងទទួលស្គាល់ថាវាគ្មានឱកាសនោះទេ ប៉ុន្តែយើងមានពានរង្វាន់ផ្សេងទៀត ដើម្បីប្រយុទ្ធដូចជា FA Cup ជាដើម ហើយយើងនឹងព្យាយាមក្នុងការប្រកួតនោះ។”
ជ័យជំនះនោះ បានធ្វើអោយ Man City នៅឈរលេខ៥ ក្នុងតារាងពិន្ទុ ក្របខណ្ឌ Premier League ដោយមាន ៣១ពិន្ទុ។ រីឯ Leicester City វិញ នៅឈរលេខ១៨ តំបន់កាត់ចោលមាន ១៤ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព២ពិន្ទុ៕