
ក្លិប Man UTD បានដាក់សំណើដើម្បីអាចចរចានាំយកខ្សែការពារកណ្តាល Nuno Mendes ដែលបច្ចុប្បន្នជឿជាក់ថាកំពុងត្រៀមខ្លួនចាកចេញពីក្លិបលីគកំពូលបារាំង Paris Saint Germain ។
ជាការពិត ក្លិបបិសាចក្រហម កំពុងមានបញ្ហាទម្រង់លេងយ៉ាងខ្លាំងដោយសារតែងតែរបូតគ្រាប់បាល់ជារឿយៗ។ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Ruben Amorim ឥឡូវនេះបានចាញ់ការប្រកួតជាច្រើនជាពិសេសបន្ទាប់ពី ការបរាជ័យ ២-០ របស់ពួកគេក្រោមថ្វីជើងក្រុម Wolverhampton នៅថ្ងៃ Boxing Day។ របួសកីឡាករក៏ច្រើនដែលរួមមានទាំង Luke Shaw និង Malacia ផងធ្វើអោយលោក Ruben Amorim ហាក់មិនមានជម្រើសច្រើនឡើយ។ ដូច្នេះ គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ពិតជាចង់បន្ថែមកីឡាករថ្មីក្នុងក្រុមនៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
នៅក្នុងនោះ សារព័ត៌មាន RMC នៅបារាំង បានធ្វើការផ្សព្វផ្សាយថា Man UTD បានធ្វើការដាក់សំណើចរចានាំយកខ្សែការពារ Nuno Mendes របស់ Paris Saint Germain ដែលមានតម្លៃប្រមាណ ៥០លានផោន។
មែនទែនទៅ Paris Saint Germain ពិតជាចង់រក្សាទុកកីឡាករព័រទុយហ្កាល់ ដោយត្រៀមផ្តល់កិច្ចសន្យាថ្មី ប៉ុន្តែសាមីកីឡាករ បានបង្ហាញបំណងច្បាស់ៗថា មិនចង់លេងនៅកីឡដ្ឋាន Parc des Princes ទៀតទេ។
Nuno Mendes មានការជឿថា បា្រក់ឈ្នួលដែលគេទទួលបានពី Paris Saint Germain គឺមិនសមស្របនឹងការចង់បាន រួមទាំងសមត្ថភាព ដូច្នេះហើយទើបជ្រើសរើសចង់ចាកចេញ។
ដំណឹងនេះ បានធ្វើអោយ កីឡាករវ័យ២២ឆ្នាំ ក្លាយជាគោលដៅរបស់ក្លិបធំៗជាច្រើននៅអឺរ៉ុប ប៉ុន្តែ មានតែ Man UTD ដែលបានដាក់សំណើចរចាមុនគេ ហើយសំណើរបស់ក្លិបបិសាចក្រហម ក៏បានទាក់ចិត្តរបស់ Nuno Mendes ដែរ ដែលធ្វើអោយមានការជឿថា រូបគេមានភាគរយខ្ពស់ដែលនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford៕