×

គ្រូ Tottenham Hotspur ថា មកពីកីឡាករខ្លួននឿយហត់ពេក ទើបរបូតឱកាសឈ្នះ Wolverhampton

គ្រូបង្វឹក លោក Ange Postecoglou ថា ខ្លួនមានការខកចិត្តដែលក្រុម Tottenham Hotspur របស់លោក បានត្រឹមលទ្ធផលស្មើគ្នា ២-២ ទល់នឹង Wolverhampton ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Tottenham Hotspur Stadium ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ហាក់ចាញ់ប្រៀបគូប្រជែងរបស់ខ្លួន ដោយស្ថិតិនៃការគ្រប់គ្រងគ្រាប់បាល់ពួកគេធ្វើបានត្រឹមតែ ៤៧ភាគរយ ប៉ុន្តែឱកាសស៊ុតពួកគេមាន ១៣ ដង រីឯ ក្រុមភ្ញៀវ Wolverhampton មានឱកាសស៊ុត១១ដង។ កែលបាល់បានត្រឹម ៧នាទី Wolverhampton បានរកគ្រាប់បាល់នាំមុខមុន ដោយ កីឡាករ Hwang Hee-chan ជាអ្នកស៊ុតបញ្ចូលទី ប៉ុន្តែនាទី១២ Rodrigo Bentancur បានតែតបញ្ចូលទី តាមស្មើអោយ Tottenham Hotspur វិញ។ នៅនាទី៤៣ កីឡាករ André បានបង្កកំហុសលើ Brennan Johnson ដែលនាំអោយ Tottenham Hotspur ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែ Heung-Min Son ធ្វើមិនបានសម្រេច។ យ៉ាងណា Brennan Johnson បានស៊ុតបញ្ចូលទី អោយ Tottenham Hotspur នាំមុខនៅមុនចប់វគ្គទី១។

នៅក្នុងវគ្គទី២ ក្រុមទាំងសងខាងព្យាយាមដាក់សំពាធលើគ្នាទៅវិញទៅមក ហើយនៅនាទី៨៧ កីឡាករ Joergen Strand Larsen បានឆក់ឱកាសល្អ ស៊ុតបញ្ចូលទីបាន១គ្រាប់ទៀត ជួយអោយ Wolverhampton តាមស្មើវិញ ២-២ មុនចប់ការប្រកួត។

៥ប្រកួតចុងក្រោយ ក្នុងការប្រកួតក្របខណ្ឌ Premier League ក្រុម Tottenham Hotspur បានឈ្នះតែ១ដងគត់ ខណៈការប្រកួតទល់នឹង Wolverhampton នេះ ពួកគេរំពឹងថា នឹងសម្រេចបានជ័យជំនះ ទៅហើយ ប៉ុន្តែបែរជាជួបរឿងខកចិត្តបន្តទៀត។ យ៉ាងណា ចំពោះការរបូតឱកាសយកជ័យជំនះនេះ ត្រូវបានគ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou សម្តែងការខកចិត្ត តែលោកក៏មិនបានស្តីបន្ទោសកីឡាករខ្លួនដែរនិងអះអាងថា មកពីកីឡាករមានភាពនឿយហត់ពេក ទើបមិនអាចលេងបានល្អ។

បុរសជនជាតិអូស្ត្រាលី បានអោយដឹងថា “ ខ្ញុំបានមើលឃើញថា កីឡាកររបស់ខ្ញុំប្រឹងប្រែងក្នុងការប្រកួត ប៉ុន្តែយើងនៅតែមិនអាចយកបានលទ្ធផលដូចដែលយើងចង់បាន។ អ្វីដែលខ្ញុមានការខកចិត្តនោះ ព្រោះកីឡាករខ្ញុំលេងបានល្អ ប៉ុន្តែពួកគេមានភាពនឿយហត់អស់កម្លាំង ជាមួយការប្រកួតច្រើនពេក ទើបមិនអាចបញ្ចេញសមត្ថភាពអោយអស់បាន។”

ជាមួយលទ្ធផលនេះ Tottenham Hotspur នៅឈរលេខ១១ មាន ២៤ពិន្ទុ ខណៈ Wolverhampton នៅលេខ ១៧ មាន ១៦ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង