ខ្សែការពារ Sergio Reguilon ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លិប Tottenham Hotspur នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
កិច្ចសន្យា របស់កីឡាករវ័យ២៨ឆ្នាំ ជាមួយ Tottenham Hotspur នៅសល់តែរយៈពេល៦ខែទៀតប៉ុណ្ណោះ ហើយរូបគេនឹងមានសិទ្ធក្នុងការចរចាកិច្ចព្រមព្រៀងជាមួយក្លិបដទៃ ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន។
ក្លិបជាច្រើនកំពុងតាមដានស្ថានភាពរបស់ Reguilon ដោយក្នុងនោះក្លិប Sevilla, Real Valladolidនិង Getafe ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ដើម្បីប្រជែងចរចាយករូបគេ ប៉ុន្តែ Sevilla ហាក់ដូចជាមានប្រៀបជាងដោយក្លិបនេះធ្លាប់ជាទីដែល Reguilon លេងជាកីឡាករខ្ចីជើងដ៏ជោគជ័យក្នុងរដូវកាល ២០១៩-២០ ។
សម្រាប់សាមីកីឡាករ ក៏កំពុងស្វែងរកការចាកចេញពី Tottenham Hotspur ដ្បិតអីរូបគេមិនទទួលបានឱកាសនៅក្នុងការលេងនោះឡើយ។ Reguilon បានចាកចេញពី Real Madrid ចូលរួមជាមួយ Tottenham Hotspur ក្នុងខែកញ្ញាឆ្នាំ ២០២០ លើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំដែលមានតម្លៃ ២៧,៥ លានផោន។ ទោះជាយ៉ាងណា ពេលវេលារបស់គេជាមួយ Tottenham Hotspur មិនសមប្រកទេ ដែលនាំអោយមានការខ្ចីជើងជាច្រើនដងទៅកាន់ Atlético Madrid, Manchester United និង Brentford ផងដែរ។
ទីផ្សារដោះដូចកីឡាករខែមករានឹងផ្តល់ឱកាសអោយ Sergio Reguilon ចាប់ផ្តើមអាជីពរបស់គេឡើងវិញនិងស្វែងរកពេលវេលាលេងជាទៀងទាត់ ហើយការលក់រូបគេក៏អនុញ្ញាតអោយ Tottenham Hotspur ផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់កីឡាករដទៃកាន់តែប្រសើរឡើងជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្ររបស់គ្រូបង្វឹកលោក Ange Postecoglou ។
ប្រសិនបើ Sergio Reguilon ត្រូវចាកចេញ Tottenham Hotspur ប្រហែលជាត្រូវចុះហត្ថលេខានាំយកកីឡាករបន្ថែមដើម្បីពង្រឹងក្រុមឡើងវិញ ដោយសារបច្ចុប្បន្ន ក្លិបកំពុងជួបវិបត្តិកីឡាករច្រើនរូបរងរបួស៕