គ្រូបង្វឹក Man UTD លោក Ruben Amorim បានធ្វើការស្តីបន្ទោសទៅលើសមត្ថភាពនៃការដឹកនាំរបស់ខ្លួនក្រោយពីក្រុមបានបន្តជួបលទ្ធផលមិនល្អនៅក្នុងការប្រកួត។
ជាការពិត ក្រុមបិសាចក្រហម Man UTD បានបន្តធ្លាក់ទម្រង់លេងសាជាថ្មីម្តងទៀត ខណៈពួកគេត្រូវបានក្រុមសារិកាព្រៃ Newcastle United យកឈ្នះដល់ទឹកដី Old Trafford តាមរយៈលទ្ធផល ២-០ នៅក្នុងជំនួបក្របខណ្ឌ Premier League។
គ្រាប់បាល់២គ្រាប់ដែលសុទ្ធតែបាល់តែតបញ្ចូលទី រកបានដោយ Alexander Isak នៅក្នុងនាទី៤ និង Joelington នៅក្នុងនាទី១៩ នៃវគ្គទី១។ ការពិតក្រុមភ្ញៀវមានឱកាសរកបានគ្រាប់បាល់ទី៣នៅពេល Isak មានឱកាសបន្ថែម១គ្រាប់ទៀត តែអាជ្ញាកណ្តាលចាត់ទុកជាបាល់ Off side។
នៅក្នុងវគ្គទី២ មិនមានគ្រាប់បាល់កើតឡើងទេ ទើបលទ្ធផល បញ្ចប់ការប្រកួតគឺ Man UTD ០ Newcastle United ២។
Newcastle បានផ្តួល Man UTD ក្នុងការប្រកួតលីគនៅទឹកដី Old Trafford ជាលើកទី២ចាប់តាំងពីឆ្នាំ ១៩៧២ និងជាការចាញ់ក្នុងផ្ទះជាលើកទី៣ជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួតទាំងអស់ជាលើកដំបូងក្នុងរយៈពេលជាង ៦២ ឆ្នាំ គិតចាប់តាំងពីរដូវកាល ១៩៦២-១៩៦៣មក។
ជាមួយនឹងលទ្ធផលមិនល្អបែបនេះ គ្រូបង្វឹក Man UTD លោក Ruben Amorim បានធ្វើការស្តីបន្ទោសដល់ការដឹកនាំរបស់ខ្លួន ដែលមិនមានភាពរីកចម្រើន។
គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បានអោយដឹងដូច្នេះ “ នេះជាកំហុស និង អសមត្ថភាពរបស់ខ្ញុំ ដែលដឹកនាំក្រុមមិនមានភាពរីកចម្រើនជាងមុន។ វាជាការចាញ់ដ៏អាក្រក់ ហើយវាជារឿងអាម៉ាស់ ក្នុងការធ្វើជាគ្រូបង្វឹក Man UTD ដឹកនាំក្រុមមិនល្អ ហើយចាញ់ច្រើនប្រកួតដូច្នេះ។ប៉ុន្តែយើងត្រូវតែស៊ូទ្រាំនឹងគ្រាលំបាកទាំងនេះ អ្នកដឹងទេ នៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នាយើតែងជួបប្រទះវា។ ដូច្នេះវាជាពេលវេលាដ៏តានតឹងមួយ។ ”
សម្រាប់ បរាជ័យលើកទី៩នៅក្របខណ្ឌ Premier League គិតត្រឹមសប្តាហ៍ទី ១៩ បានរុញអោយក្រុម Man UTD ឈរនៅចំណាត់ថ្នាក់ទី១៤ និងមានគម្លាតត្រឹម៧ពិន្ទុពីតំបន់កាត់ចោល។ រីឯ ក្រុម Newcastle United នៅលេខ៥ មាន៣២ពិន្ទុ៕