×

ខ្សែប្រយុទ្ធ Matheus Cunha របស់ Wolverhampton ត្រូវ FA ដាក់បម្រាម២ប្រកួត

ខ្សែប្រយុទ្ធ Matheus Cunha ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ដាក់បម្រាមមិនអោយចូលរួមការប្រកួតចំនួន២ប្រកួត ពីបទប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ដែល Wolverhampton Wanderers ចាញ់ Ipswich Town ដោយលទ្ធផល ២-១ កាលពីការប្រកួត Premier League សប្តាហ៍ទី ១៦។

កីឡាករប្រេស៊ីលដែលបានស៊ុតគ្រាប់បាល់១គ្រាប់របស់ក្រុម Wolves នៅកីឡដ្ឋាន Molineux នោះ ត្រូវបានចោទប្រកាន់ថាបានបញ្ចេញអាកប្បកិរិយាមិនសមរម្យ អំឡុងពេលមានការប្រឈមមុខដាក់គ្នារវាងកីឡាករក្រុមទាំង២នៅពេលបញ្ចប់ការប្រកួត។

ខ្សែវីដេអូក្រោយការប្រកួតបានបង្ហាញថា Matheus Cunha បានប្រើកែងដៃវាយទៅលើសមាជិកក្រុមសន្តិសុខរបស់ក្រុម Ipswich នៅផ្នែកខាងក្រោយនៃក្បាល មុនពេលចាប់យកវ៉ែនតាបិទមុខរបស់បុគ្គលិកនោះចេញទៀត។

ពិន័យ២ប្រកួតនេះ មានន័យថា កីឡាករវ័យ ២៥ ឆ្នាំ នឹងមិនអាចចូលរួមការប្រកួតរបស់ Wolverhampton Wanderers ទល់នឹង Nottingham Forest នៅក្នុងជំនួប Premier League ចុងសប្តាហ៍នេះ និងការប្រកួតទល់នឹង Bristol City ក្នុងពានរង្វាន់ FA Cup ជុំទី៣ផងដែរ។

បន្ថែមពីលើការដាក់បម្រាមមិនអោយចូលរួមការប្រកួតហើយ Matheus Cunha ក៏នឹងត្រូវបង់ផាកពិន័យជាទឹកប្រាក់ប្រមាណ ៨ម៉ឺនផោនផងដែរ។

Matheus Cunha ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ អោយ Wolverhampton Wanderers នៅគ្រប់កម្មវិធី ក្នុងរដូវកាលនេះ។

ដោយឡែក Wolverhampton Wanderers បច្ចុប្បន្នកំពុងឈរលេខ ១៧ ក្នុងតារាងពិន្ទុ Premier League មាន ១៦ពិន្ទុ ក្រោយឆ្លងកាត់១៩ប្រកួត ឃ្លាតតែ១ពិន្ទុពីតំបន់កាត់ចោល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង