×

លោក Wayne Rooney ត្រូវបានក្លិប Plymouth Argyle បញ្ចប់តួនាទីគ្រូបង្វឹក

ក្លិបលីគទី២អង់គ្លេស Plymouth Argyle បានយល់ព្រមចែកផ្លូវគ្នាជាមួយអតីតខ្សែប្រយុទ្ធ Man UTD ដែលបច្ចុប្បន្នប្រកបអាជីពជាគ្រូបង្វឹក គឺលោក Wayne Rooney បន្ទាប់ពីដឹកនាំបានជាង៧ខែ។

លោក Wayne Rooney បានមកកាន់តំណែងនៅក្លិប Plymouth Argyle ជំនួសលោក Ian Foster កាលពីខែឧសភា ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ក្លិបនេះបានតស៊ូយ៉ាងលំបាកក្រោមការដឹកនាំរបស់បុរសវ័យ៣៩ឆ្នាំ ដោយបានជួបការបរាជ័យជាបន្តបន្ទាប់នៅរដូវកាលនេះ ហើយពួកគេកំពុងស្ថិតនៅលេខ ២៤ បាតតារាងក្របខណ្ឌ EFL Championship តែម្តង ដោយមាន ១៩ ពិន្ទុពីការប្រកួត ២៣ លើក ឃ្លាតពីតំបន់សុវត្ថិភាពចំនួន ៤ ពិន្ទុ។

អតីតសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះបានដឹកនាំចំនួន ២៥ ប្រកួត នៅក្នុងការប្រកួតទាំងអស់មុនពេលរូបលោកត្រូវបានព្រមព្រៀងគ្នាបញ្ចប់តំណែង។

វាជាការបរាជ័យក្នុងការប្រកបអាជីពជាគ្រូបង្វឹក ជាលើកទី២សម្រាប់លោក Wayne Rooney ក្នុងឆ្នាំ ២០២៤ បន្ទាប់ពីការបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្លិប Birmingham City នៅក្របខណ្ឌ EFL Championship ដូចគ្នាក្នុងខែមករាឆ្នាំទៅ។

ជុំវិញការចែកផ្លូវជាមួយ ក្លិប Plymouth Argyle នេះដែរ លោក Rooney បានអោយដឹងថា “Plymouth Argyle នឹងតែងតែមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តរកមើល និងចាប់អារម្មណ៍លើលទ្ធផលរបស់ពួកគេ។”

លោក Wayne Rooney បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្នុងឆ្នាំ២០២០ ដោយដឹកនាំ ក្លិបលីគទី២ អង់គ្លេស Derby County រួចបន្តទៅដឹកនាំក្លិបអាមេរិក D.C. United និងវិលមកកាន់ទឹកដីអង់គ្លេសវិញ ដើម្បិដឹកនាំ Birmingham City និង Plymouth Argyle នេះ។ ក្នុងអាជីពជាគ្រូបង្វឹក លោក Wayne Rooney មិនទាន់ដឹកនាំក្លិបឈ្នះពានរង្វាន់ណាមួយនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង