ប្រភពពីសារព័ត៌មាន Daily Mail នៅអង់គ្លេសបានអោយដឹងថា ក្លិប Liverpool បានត្រៀមបដិសេធសំណើតម្លៃ ២០លានផោន ពី Real Madrid ក្នុងការផ្ទេរយក ខ្សែការពារ Trent Alexander-Arnold។
ជាការពិត Real Madrid បានដាក់សំណើផ្លូវការទៅកាន់ Liverpool ក្នុងការនាំយកកីឡាករវ័យ ២៦ឆ្នាំ មកកាន់កីឡដ្ឋាន Santiago Bernabéu ដោយក្លិបអធិរាជសមានការជឿជាក់យ៉ាងខ្លាំងថា នឹងនាំយក Trent Alexander-Arnold មកបាន ខណៈកុងត្រារបស់គេនៅជាមួយ Liverpool នឹងផុតសុពលភាពនៅដំណាច់ខែមិថុនា។
Real Madrid មានបញ្ហាខ្សែការពារច្រើននាក់ហើយត្រូវការកម្លាំងថ្មីមកជួយក្រុមបន្ថែមទៀតសម្រាប់ត្រៀមការប្រកួតប្រជែងពានរង្វាន់ La Liga ឬក៏ UEFA Champions League ។ Arnold ជាគោលដៅរបស់ក្លិបអេស្ប៉ាញមួយនេះជាយូរមកហើយ គ្រាន់តែការចរចាមិនត្រូវគ្នាសោះ។
ដោយឡែក កាលពីពេលថ្មីៗក្រោយពេលឮដំណឹងថាក្លិប Liverpool ហាក់ចង់បានតម្លៃខ្ពស់មួយសម្រាប់ Trent Alexander-Arnold ក្លិប Real Madrid បានដាក់តម្លៃភ្លាម ប៉ុន្តែនៅតែក្លិប Liverpool មិនចង់លក់ទៅវិញ។
ប្រភពជិតស្និទ្ធនិងក្លិប Liverpool អោយដឹងថា Trent Alexander-Arnold ដែលចូលរួមជាមួយពួកគេតាំងពីអាយុ៦ឆ្នាំមកនោះ មិនបានផ្តល់តម្រុយថា សាមីកីឡាករចង់ចាកចេញពីក្លិបនោះទេ។ ទន្ទឹមនឹងនេះ គ្រូបង្វឹកលោក Arne Slot នៅតែចង់ចងភ្ជាប់អនាគតរបស់ Trent Alexander-Arnold និងកីឡាករសំខាន់២រូបទៀតគឺ Mohamed Salah និង Virgil van Dijk អោយបន្តលេងនៅកីឡដ្ឋាន Anfield ជាជាងការប្រថុយបាត់បង់កីឡាករណាម្នាក់ ខណៈដែល Liverpool កំពុងមានភាពស្វិតស្វាញក្នុងការប្រជែងពានរង្វាន់ Premier League និងពានរង្វាន់ដទៃទៀត។
ទោះបីជាយ៉ាងណា Real Madrid នៅតែតាមប្រមាញ់យក Trent Alexander-Arnold មក បើទោះបីជា Liverpool បានបដិសេធសំណើមួយលើកជាពីរលើកក៏ដោយ ព្រោះកីឡាករជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានក្លិបរបស់អេស្ប៉ាញជឿថា នឹងអាចជួយក្រុមបានច្រើន៕