×

ខ្សែប្រយុទ្ធ Marcus Rashford បដិសេធសំណើចំនួន៣ពីក្លិបនៅអារ៉ាប៊ីសាអូឌីត

ខណៈដែលកំពុងមានអនាគតមិនច្បាស់លាស់ជាមួយ Man UTD ទៅហើយនោះ ខ្សែប្រយុទ្ធ Marcus Rashford បានបដិសេធសំណើធំៗចំនួន៣ពីក្លិបនៅអារ៉ាប៊ីសាអូឌីត ដែលអាចធ្វើអោយរូបគេមានតម្លៃប្រាក់ឈ្នួលដល់ទៅ ៣៥លានផោន ក្នុងមួយឆ្នាំឯណោះ។

Marcus Rashford បានស្ថិតក្នុងបញ្ជីនៃការផ្ទេរចេញរបស់ Man UTD នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករា ក្រោយពីរូបគេហាក់មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Ruben Amorim។

មានការរាយការណ៍អោយដឹងថា កីឡាករវ័យ ២៧ឆ្នាំ ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លិបដែលមិនត្រូវបានបញ្ចេញឈ្មោះនៅ អារ៉ាប៊ីសាអូឌីត ហើយពួកគេចង់ផ្តល់ទឹកប្រាក់ដែលមានភាពលើសលុបពីថ្លៃឈ្នួលដែលគេទទួលបាន ៣១ម៉ឺនផោនក្នុង១សប្តាហ៍ ពី Man UTD។

ទោះយ៉ាងណា Marcus Rashford បានបដិសេធការផ្តល់ជូនទឹកប្រាក់ចំនួនមហាសាលពី ក្លិបនៅក្របខណ្ឌ Saudi Pro League នោះ ព្រោះគេមានបំណងចង់បន្តលេងនៅទឹកដី Old Trafford និងបង្កើនការប្រកួតប្រជែងរបស់ខ្លួនឡើងវិញ ដើម្បីរក្សាឱកាសនិងកន្លែងមួយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។

Marcus Rashford បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអង់គ្លេសគម្រប់ ៦០ ដង កាលពីការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រេស៊ីល កាលពីខែមីនា ឆ្នាំមុន ប៉ុន្តែរូបគេមិនត្រូវបានបញ្ចូលឈ្មោះសម្រាប់ការប្រកួត Euro 2024 ។ Rashford កាន់តែមានភាពពិបាកថែមទៀតក្នុងការដណ្តើមយកកន្លែងរបស់គេនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Thomas Tuchel ។

យ៉ាងណាមិញ Marcus Rashford ក៏កំពុងរង់ចាំការកោះហៅពីលោក Amorim វិញ ហើយរំពឹងទទួលបានឱកាសប្រកួតប្រជែងថ្មី។ Rashford មិនបានលេង៥ប្រកួតចុងក្រោយរបស់ Man UTD ប៉ុន្តែវានៅតែត្រូវមើលថាតើលោក Amorim នឹងបញ្ចូលឈ្មោះរូបគេសម្រាប់ការធ្វើដំណើរទៅជួប Liverpool នៅចុងសប្តាហ៍នេះឬយ៉ាងណា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង