×

លោក Jose Mourinho ថា ខ្លួនសោកស្តាយដែលចាកចេញពី Real Madrid ទៅកាន់ Chelsea

គ្រូបង្វឹក លោក Jose Mourinho បាននិយាយថា លោកចាត់ទុកការចាកចេញពីការងារនៅ Real Madrid ទៅកាន់ Chelsea គឺជាការសម្រេចចិត្តដ៏គួរអោយសោកស្តាយបំផុតដែលលោកបានធ្វើនៅក្នុងអាជីព។

ជាការពិត លោក Jose Mourinho ធ្លាប់បានចំណាយពេល៣រដូវកាលក្នុងការដឹកនាំ Real Madrid ពីចន្លោះឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៣។

រយៈពេលនោះ លោក Mourinho បានជួយ Real Madrid ឈ្នះពានរង្វាន់ La Liga ១ដង Copa del Rey ១ដង និង Supercopa de España ១ដង ផងដែរ។

មែនទែនទៅ បុរសជនជាតិព័រទុយហ្កាល់រូបនេះ ធ្លាប់ដឹកនាំ Chelsea លើកទី១ ពីឆ្នាំ២០០៤ ដល់ ២០០៧ ដោយបានឈ្នះពានរង្វាន់ Premier League ២ដង FA Cup ១ដង EFL Cup ២ដង និង FA Community Shield ១ដង មុនពេលសម្រេចចិត្តចេញពី Chelsea ទៅកាន់ Inter Milan រួចបន្តទៅដឹកនាំ Real Madrid ហើយបានឈ្នះពានរង្វាន់ដូចការរៀបរាប់ខាងដើម។

ក្រោយជោគជ័យនៅ Real Madrid លោក Jose Mourinho ក៏រំពឹងទទួលបានជោគជ័យម្តងទៀត ក្នុងការវិលត្រឡប់ទៅដឹកនាំ Chelsea ជាលើកទី២ ពីឆ្នាំ ២០១៣ ដល់ ២០១៥ ប៉ុន្តែការដឹកនាំ Chelsea ជាលើកទី២នេះ លោក Mourinho បានឈ្នះតែពានរង្វាន់ Premier League ១ដង និង EFL Cup ១ដង មុនពេលរូបលោកត្រូវបញ្ចប់តំណែងហើយបន្តទៅដឹកនាំ Man UTD។

ទាក់ទិននឹងការចាកចេញពី Real Madrid វិលត្រឡប់ទៅ Chelsea ជាលើកទី២នោះដែរ លោក Jose Mourinho បានចាត់ទុកថា វាជាការសម្រេចចិត្តដ៏គួរអោយសោកស្តាយបំផុតក្នុងអាជីព។

បុរសវ័យ៦១ឆ្នាំ បានអោយដឹងដូច្នេះ “ ខ្ញុំបាននិយាយទៅកាន់លោក Florentino Pérez ហើយ វាជាការសម្រេចចិត្តដ៏គួរអោយសោកស្តាយមួយ។ លោក Florentino Pérez បានប្រាប់ខ្ញុំកុំអោយចាកចេញពី Real Madrid ព្រោះខ្ញុំបានឆ្លងផុតការលំបាកហើយ ហើយរឿងល្អៗនឹងចូលមកដល់។ ខ្ញុំដឹងថា វាជាការពិត ប៉ុន្តែខ្ញុំចង់វិលមក Chelsea ព្រោះចង់បានការប្រកួតប្រជែងថ្មី ប៉ុន្តែអ្វីៗមិនដូចការរំពឹងទុកនោះទេ។”

ដោយឡែក បច្ចុប្បន្នលោក Jose Mourinho កំពុងដឹកនាំ ក្លិបទួរគី Fenerbahçe ដោយពួកគេកំពុងប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្របខណ្ឌ Süper Lig ដោយមាន ៣៦ពិន្ទុ ឆ្លងកាត់១៦ប្រកួត ប្រដេញពិន្ទុក្រុមកំពូលតារាង Galatasaray ដែលមាន ៤៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង