ជំនួបដ៏ធំនៅក្របខណ្ឌ Premier League ចុងសប្តាហ៍កន្លងទៅ រវាងក្រុមពណ៌ក្រហមទាំង២ គឺក្រុមហង្សក្រហម Liverpool និង ក្រុមបិសាចក្រហម Man UTD បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ២-២ នៅកីឡដ្ឋាន Anfield។
ស្ថិតិនៃការប្រកួតនេះត្រូវបានមើលឃើញថា ក្រុមទាំងសងខាងលេងល្អប្រហាក់ប្រហែលគ្នា ដោយ ក្រុមម្ចាស់ផ្ទះ Liverpool អាចគ្រប់គ្រងស្ថានការណ៍បាន ៥២ ភាគរយ មានឱកាសស៊ុតបាល់ ១៩ដង ខណៈក្រុមភ្ញៀវ Man UTD មានឱកាសស៊ុតបាល់ ១៣ដង។ យ៉ាងណាក៏ដោយ ការប្រកួតនៅក្នុងវគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។
ឈានចូលដល់វគ្គទី២ Man UTD ជាអ្នកបំបែបភាពស្ងប់ស្ងាត់ តាមរយៈការរកគ្រាប់បាល់នាំមុខមុននៅក្នុងនាទី ៥២ ដោយការស៊ុតរបស់ Lisandro Martínez ប៉ុន្តែ នៅនាទី៥៩ Cody Gakpo បានស៊ុតបញ្ចូលទីតាមស្មើអោយ Liverpool ។ Liverpool បន្តវាយសម្រុកហើយក៏រកបានគ្រាប់បាល់ទី២ នាំមុខវិញ ដោយ Mohamed Salah បានស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយបាល់ពិន័យនេះកើតឡើងបន្ទាប់ពី Matthijs de Ligt យកដៃប៉ះបាល់ក្នុងប្រអប់។ បែបនេះក្តី Man UTD នៅក្នុងការប្រកួតនេះ បានបង្ហាញពីការសហការ និង ការលេងស៊ីចង្វាក់គ្នាបានល្អ ហើយក៏អាចតាមបានគ្រាប់បាល់ទី២ ស្មើមកវិញ ដោយ Amad Diallo ស៊ុតនៅនាទី៨០ ដើម្បីរក្សាលទ្ធផលស្មើគ្នា ដល់ចប់ការប្រកួត។
បន្ទាប់ពីចាញ់ជាប់ៗគ្នា ៣ប្រកួតនៅក្នុងក្របខណ្ឌ Premier League រួចមក លទ្ធផលស្មើគ្នាទល់នឹងក្រុមខ្លាំង Liverpool នេះ ត្រូវបានគ្រូបង្វឹក Man UTD លោក Ruben Amorim ចាត់ទុកជាការងើបឡើងមកវិញរបស់ក្រុមខ្លួន ហើយជាពិសេសលោកក៏បានមើលឃើញពីចំនុចល្អក្នុងការប្រកួតនេះដែរ នោះគឺកីឡាករក្រុមបិសាចក្រហមមានស្មារតីសហការគ្នាជាក្រុមបានល្អ។
លោក Ruben Amorim បានអោយដឹងដូច្នេះ “ ខ្ញុំចង់ឃើញក្រុមរបស់ខ្ញុំលេងបានល្អជាងនេះ ប៉ុន្តែខ្ញុំគិតថាអ្វីដែលសំខាន់បំផុតថ្ងៃនេះគឺចិត្តគំនិត ស្មារតីសហការគ្នាជាក្រុមគឺបានល្អ ហើយនោះគឺជាគន្លឹះសម្រាប់អ្វីៗទាំងអស់។ ថ្ងៃនេះពួកយើងហាក់ជាក្រុមផ្សេង មិនមែនដោយសារប្រព័ន្ធលេង មិនមែនដោយសារផ្នែកបច្ចេកទេសទេ ប៉ុន្តែ យើងបានប្រឈមមុខនឹងការប្រកួតប្រជែងតាមរបៀបដែលយើងត្រូវប្រឈមមុខនឹងវាជារៀងរាល់ថ្ងៃ។”
សម្រាប់លទ្ធផលនេះ Man UTD បានឡើងមកឈរលេខ១៣ក្នុងតារាងពិន្ទុ Premier League មាន ២៣ពិន្ទុ ខណៈ Liverpool នៅបន្តឈរកំពូលតាងដដែល មាន ៤៦ពិន្ទុ៕