ខ្សែប្រយុទ្ធ Matheus Cunha កាន់តែកៀកការចុះកុងត្រាថ្មីជាមួយក្លិប Wolverhampton Wanderers ខណៈដែលមានព័ត៌មានអំពីការចង់បានយ៉ាងខ្លាំងពីសំណាក់ក្លិប Arsenal ។
កីឡាករប្រេស៊ីល ជាសមាជិកសំខាន់មួយរូប របស់ Wolverhampton នៅក្នុងរដូវកាលនេះ ហើយការបាត់បង់រូបគេនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ អាចក្លាយជាមហន្តរាយដ៏ធំរបស់ក្លិប ខណៈពួកគេកំពុងតស៊ូយ៉ាងលំបាកលំបិនក្នុងការរក្សាកៅអីនៅក្នុងក្របខណ្ឌ Premier League។
តាមរយៈទេពកោសល្យ និង សមត្ថភាព ដ៏លេចធ្លោ Matheus Cunha បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនានា ដោយក្នុងនោះ Arsenal ត្រូវបានដឹងថា ជាក្លិបដែលចេញមុខចេញមាត់ជាងគេក្នុងការតាមប្រមាញ់កីឡាករ វ័យ២៥ឆ្នាំ។
Cunha បានក្លាយទៅជាគោលដៅ របស់ Arsenal តាំងតែពីប៉ុន្មានខែមុន នៅពេលដែលកីឡាកររូបនេះ ចាប់ផ្តើមឡើងទម្រង់ លេងយ៉ាងខ្លាំង ដោយមកដល់បច្ចុប្បន្នរូប គេអាចស៊ុតបញ្ចូលទី បាន១០គ្រាប់ មកហើយនៅ ក្នុងការបង្ហាញ ខ្លួនទាំង១៩លើកក្នុងការប្រកួតលីគកំពូលអង់គ្លេស។ បែបនេះក្តី Wolverhampton នឹងតស៊ូរក្សាកីឡាករឆ្នើមរបស់ខ្លួនអោយបាន ដើម្បីជួយក្រុមក្នុងការប្រកួតប្រជែង ចាប់ពីពាក់កណ្តាលរដូវកាលតទៅ។
ប្រភពពី សារពត៌មាន Give me sport បានបញ្ជាក់ថា Wolverhampton ត្រៀមផ្តល់កុងត្រាថ្មីរយៈពេលវែងដល់ Matheus Cunha ដើម្បីបញ្ចៀសការចង់បានពីសំណាក់ក្លិបនានា។ ទោះយ៉ាងណាក៏ដោយ បើ Matheus Cunha មិនចាកចេញពី Wolverhampton ក្នុងទីផ្សារខែមករាទេ ឱកាសនៃការចាកចេញរបស់គេក៏នៅតែមាននៅក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ ជាពិសេសបើសិនជា Wolverhampton មិនអាចរក្សាកៅអី នៅក្នុងក្របខណ្ឌ Premier League តទៅទៀត។
ពេលនេះ Wolverhampton នៅមិនទាន់គេចផុត ពីគ្រោះថ្នាក់នៅឡើយ ដោយបន្តស្ថិតនៅលេខរៀងទី១៧ មាន១៦ពិន្ទុស្មើពិន្ទុ ក្រុមលេខ១៨ Ipswich Town ដែលជាតំបន់ ត្រូវកាត់ចោល ទៅរដូវកាលក្រោយផងដែរ ៕