×

ខ្សែប្រយុទ្ធ Heung-Min Son បន្តកុងត្រាជាមួយ Tottenham Hotspur ដល់ឆ្នាំ២០២៦

ប្រធានក្រុម Tottenham Hotspur ខ្សែប្រយុទ្ធ Heung-Min Son បានបន្តកុងត្រាជាមួយក្រុមមាន់ខ្នាយមាស ចំនួន១ឆ្នាំទៀត គឺរហូតដល់ឆ្នាំ ២០២៦។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Premier League។

កីឡាករកូរ៉េខាងត្បូង ដែលចូលរួមជាមួយ Tottenham Hotspur តាំងពីឆ្នាំ២០១៥ គឺជាកីឡាករដ៏សំខាន់មួយរូបរបស់ក្រុមដោយបាន ស៊ុតបញ្ចូលទី ១៦៩គ្រាប់ ចែកបាល់សម្រេចទី ៩០ដង ពីការបង្ហាញខ្លួនសរុប ៤៣១ប្រកួត គ្រប់កម្មវិធី។

កិច្ចសន្យាចាស់របស់ Heung-Min Son នឹងផុតសុពលភាពនៅដំណាច់រដូវកាល ២០២៤-២៥ នេះ ប៉ុន្តែ Tottenham Hotspur នៅតែបន្តរក្សាកីឡាកររបស់ខ្លួនតទៅទៀត តាមរយៈការផ្តល់កិច្ចសន្យាថ្មី។

កីឡាករវ័យ ៣២ឆ្នាំ គឺជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេគ្រប់ពេល លំដាប់ទី២០ របស់ក្របខណ្ឌ Premier League ហើយរូបគេគឺជាកីឡាករបាល់ទាត់អាស៊ី ដែលមានសមត្ថភាព និង កេរ្ត៍ឈ្មោះល្បីល្បាញមួយរូប ក្នុងប្រវត្តិសាស្ត្រផងដែរ។

ជាមួយនឹងការបន្តកិច្ចសន្យាថ្មីរបស់ Heung-Min Son បានធ្វើអោយគ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou ពេញចិត្តយ៉ាងខ្លាំងដោយលោកអោយដឹងដូច្នេះថា “វាជារឿងអស្ចារ្យ ដែល Heung-Min Son បន្តលេងជាមួយក្រុម។ គេបានដើរតួយ៉ាងធំក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ វាពិតជាល្អណាស់ក្នុងការបន្តការស្នាក់នៅរបស់គេ។មហិច្ឆតារបស់គេ គឺប្រាកដថា គេអាចបញ្ចប់អាជីពជាមួយ Tottenham Hotspur ដោយអាចឈ្នះពានរង្វាន់បាន។”

Heung-Min Son គឺជាផ្នែកមួយរបស់ Tottenham Hotspur ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League លើកដំបូងរបស់ក្លិបក្នុងឆ្នាំ ២០១៩ តែបានចាញ់ Liverpool។ មកទល់ពេលនេះ រូបគេមិនទាន់ឈ្នះពានរង្វាន់ជាមួយក្លិប Tottenham Hotspur នៅឡើយទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង