ក្លិបចំនួន៣នៅក្របខណ្ឌ Premier League ដែលមាន Manchester United, Chelsea និង Tottenham Hotspur ត្រូវបានរាយការណ៍ថា បានប្រជែងគ្នាក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្លិបអ៊ីតាលី Juventus។
កីឡាករអន្តរជាតិសែបកំពុងមានអនាគតមិនច្បាស់លាស់ជាមួយ Juventus ដែលវានឹងក្លាយជាឱកាសរបស់គេសម្រាប់ការផ្ទេរទៅកាន់ក្របខណ្ឌ Premier League ហើយក្លិបនៅលីគកំពូលអង់គ្លេសទាំង៣ខាងដើមបានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះ។
Dusan Vlahovic មានភាពលេចធ្លោអំឡុងការលេងជាមួយ Fiorentina ពីឆ្នាំ ២០១៨-២២ ប៉ុន្តែ គុណផលរបស់គេហាក់ធ្លាក់ចុះបន្តិច ក្រោយការផ្ទេរមកកាន់ Juventus ហើយដូច្នេះសាមីកីឡាករមានបំណងស្តារអាជីពរបស់ខ្លួនឡើងវិញ តាមរយៈការស្វែងរកទ្រនំថ្មី។
បែបនេះក្តី សម្រាប់តម្លៃនៃការផ្ទេរកីឡាករវ័យ២៤ឆ្នាំ ត្រូវបានសារពត៌មាន Caught Offside លើកឡើងថា មិនមានតម្លៃថោកនោះទេ ដោយមានប្រមាណ ៦៥លានអឺរ៉ូឯណោះ។
សម្រាប់ក្លិប Manchester United ដែលចង់បាន Dusan Vlahovic ព្រោះពួកគេ ត្រូវការជម្រើសបន្ថែមក្នុងតំបន់ប្រយុទ្ធរបស់ក្រុម បន្ទាប់ពីក្រុមបិសាចក្រហមបានបង្កើតការចុះហត្ថលេខាមិនល្អក្នុងរយៈពេលថ្មីៗនេះ។
រីឯក្លិប Chelsea វិញ ទោះជាពួកគេមាន Nicolas Jackson ដែលមានភាពប្រសើរឡើងច្រើនក្នុងរដូវកាលនេះ ខណៈដែល Christopher Nkunku និង Marc Guiu ក៏ជាជម្រើសដែលមានសមត្ថភាពខ្លាំងក៏ដោយ ប៉ុន្តែពួកគេក៏ចង់បង្កើនជម្រើសប្រកួតប្រជែងក្នុងក្រុម។
ចំពោះ Tottenham Hotspur វិញ ហាក់មើលឃើញថា ជាក្លិបដែលត្រូវការ Dusan Vlahovic ខ្លាំងជាងគេ ព្រោះក្រុមមាន់ខ្នាយមាសកំពុងរងនូវរដូវកាលដ៏ពិបាកមួយ ដោយកីឡាករច្រើនរូបរងរបួស ហើយក្រុមប្រហែលជាពឹងផ្អែកខ្លាំងពេកទៅលើ Dominic Solanke ដូច្នេះក្រុមត្រូវការចែករំលែកបន្ទុកពីរូបគេ ដោយការស្វែងរកកីឡាករបន្ថែមទៀត៕