×

Arsenal ពិចារណាចង់នាំយកខ្សែប្រយុទ្ធ Lee Kang-in របស់ Paris Saint-Germain

សារព័ត៌មាន Caught Offside បានអោយដឹងថា ក្លិប Arsenal កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ Lee Kang-In របស់ក្លិប Paris Saint-Germain ។

កីឡាករវ័យ២៣ ឆ្នាំកំពុងចង់ផ្លាស់ប្តូរបទពិសោធថ្មី បើទោះបីជារូបគេបានលេងជាទៀងទាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis Enrique ក៏ដោយ។

សម្រាប់ ក្លិប Paris Saint-Germain មិនចង់លក់កីឡាករកូរ៉េខាងត្បូងរូបនេះទេ ប៉ុន្តែពួកគេក៏អាចនឹងគិតគូរដែរ បើសិនជាអាចទទួលបានសំណើក្នុងតម្លៃខ្ពស់។

Lee Kang-In បានចូលរួមជាមួយក្លិប Paris Saint-Germain ដោយផ្លាស់ពី ក្លិប Mallorca ក្នុងខែកក្កដា ឆ្នាំ២០២៣ តម្លៃ ២២លានអឺរ៉ូ ហើយក្លិបចង់បានតម្លៃខ្ពស់ជាងនេះ បើសិនជា Arsenal ចង់បាន។

យ៉ាងណា សម្រាប់តម្លៃនេះ ក្លិបកាំភ្លើងធំចាត់ទុកថា ជាតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែបើសិនជា ក្លិបបារាំងយល់ព្រមក្នុងសំណើខ្ជីជើងកីឡាករសិន រួចចាំទិញផ្តាច់តាមក្រោយ នោះ Arsenal នឹងធ្វើការចរចាភ្លាម។

មែនទែនទៅ Arsenal កំពុងតែស្វែងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀត ដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការប្រជែងដណ្តើមពានរង្វាន់ Premier League ជាមួយនឹង Liverpool ។

Lee Kang-In បានបង្ហាញ ២៤ដង នៅរដូវកាលនេះ គ្រប់ការប្រកួតទាំងអស់ សម្រាប់ Paris Saint-Germain។

ដោយឡែក Lee Kang-in មិនមែនជាកីឡាករតែមួយរូបដែលចង់ចាកចេញពីកីឡដ្ឋាន Parc des Princes ក្នុងខែមករានេះទេ ដោយមិត្តរួមក្រុមរបស់គេ Randal Kolo Muani គឺជាកីឡាករម្នាក់ទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ ហើយក្លិប Juventus គឺជាក្លិបដែលកំពុងចាប់អារម្មណ៍រូបគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង