អនាគតរបស់ខ្សែបម្រើ Kevin De Bruyne ជាមួយ Man City នៅតែមិនប្រាកដប្រជា ស្របពេលមានការផ្សព្វផ្សាយថា ក្រុមរហស្សនាមមេឃខៀវ សម្លឹងឃើញអ្នកជំនួសតំណែងរបស់គេរួចហើយ។
កីឡាករបែលហ្ស៊ីកបានចំណាយពេល ១០ឆ្នាំចុងក្រោយជាមួយ Man City ប៉ុន្តែនឹងផុតកុងត្រានៅកីឡដ្ឋាន Etihad នៅចុងបញ្ចប់នៃរដូវកាលនេះ។ ដោយសារកត្តាអាយុកាន់តែច្រើន គឺ៣៣ឆ្នាំ និងបញ្ហាកាយសម្បទា បានធ្វើអោយ Kevin De Bruyne មិនទាន់អាចទទួលបានកិច្ចសន្យាថ្មី ហើយក៏មានការជឿថា ពេលវេលារបស់គេជាមួយ Man City ជិតដល់ទីបញ្ចប់ហើយ។
ក្នុងនោះដែរ អ្នកវិភាគបាល់ទាត់ក្របខណ្ឌ Premier League ដ៏ល្បី លោក Mick Brown បានប្រាប់ Football Insider ថា Kevin De Bruyne ទំនងជានឹងចាកចេញពី Man City នៅរដូវក្តៅ ហើយថាក្លិបនៅអារ៉ាប៊ីសាអូឌីតចង់ជ្រើសរើសយកគេទៅចូលរួមសម្រាប់យុទ្ធនាការរដូវកាល ២០២៥-២៦ បន្ទាប់ពីក្លិបទាំងនោះ បានបង្ហាញចំណាប់អារម្មណ៍កាលពីរដូវក្តៅមុន។
ជាមួយរឿងរ៉ាវអនាគតមិនច្បាស់លាស់របស់ Kevin De Bruyne នេះដែរ ក៏មាន ការរាយការណ៍អោយដឹងថា Man City បានសម្លឹងឃើញបេក្ខភាពថ្មីទុកជំនួសរូបគេរួចហើយ នោះគឺខ្សែបម្រើ Dani Olmo របស់ Barcelona។ Dani Olmo កំពុងមានភាពមិនច្បាស់លាស់ក្នុងការលេងជាមួយ Barcelona បន្ទាប់ពីក្លិបរហស្សនាមអ្នកមានបុណ្យមួយនេះ មិនទាន់អាចចុះឈ្មោះរូបគេសម្រាប់ការប្រកួតពាក់កណ្តាលរដូវកាលទៀតបាន ដែលធ្វើអោយកីឡាករវ័យ២៦ឆ្នាំ អាចចរចាជាមួយក្លិបដទៃបាន។
កីឡាករអេស្ប៉ាញ បានទទួលការចាប់អារម្មណ៍ពីក្លិបនានាជាច្រើន ប៉ុន្តែ Man City នឹងក្លាយជាទិសដៅដ៏ល្អបំផុតសម្រាប់រូបគេដោយសារទំនាក់ទំនងរបស់គ្រូបង្វឹកលោក Pep Guardiola ជាមួយក្លិប Barcelona ។ Dani Olmo នឹងក្លាយជាអ្នកជំនួសដ៏ល្អសម្រាប់ De Bruyne ទោះបីជាក្លិបដូចជា Arsenal ក៏កំពុងប្រជែងយករូបគេដែរ។
ទោះយ៉ាងណា វានៅតែត្រូវបានរំពឹងមើលពីការផ្លាស់ប្តូរនៃអនាគតរបស់កីឡាករទាំង២រូប ខណៈ បច្ចុប្បន្នទីផ្សារដោះដូវកីឡាករកំពុងដំណើរការហើយ៕