×

ខ្សែប្រយុទ្ធ Evanilson របស់ Bournemouth នឹងអវត្តមានមួយរយៈព្រោះរបួសជើង

ខ្សែប្រយុទ្ធ Evanilson របស់ក្លិប Bournemouth នឹងត្រូវអវត្តមានពីការប្រកួតលើទីលានមួយរយៈ បន្ទាប់ពីរូបគេបានឆ្លងកាត់ការវះកាត់ព្យាបាលរបួសជើង។

កីឡាករប្រេស៊ីល បានរងរបួសក្នុងការប្រកួតដែល Bournemouth ឈ្នះ Everton ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ។

ក្រោយការត្រួតពិនិត្យរបស់ក្រុមគូ្រពេទ្យរបស់ក្លិប បានអោយដឹងថា Evanilson បានបាក់ឆ្អឹង ជើងហើយតម្រូវអោយមានការវះកាត់ព្យាបាលដាច់ខាត។

បើតាមក្លិប Bournemouth បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករវ័យ២៥ឆ្នាំបានឆ្លងកាត់ការវះកាត់ទទួលជោគជ័យហើយ ប៉ុន្តែមិនអាចកំណត់ពេលវេលា លើការជាសះស្បើយរបស់រូបគេនោះទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមបុគ្គលិកពេទ្យរបស់ក្លិបនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ Evanilson តាមរយៈដំណើរការស្តារនីតិសម្បទា ដោយធានាថា រូបគេនឹងមានការព្យាបាលអោយជាសះស្បើយល្អបំផុត ។

Evanilson បានស៊ុតបញ្ចូលទីបាន ៥គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ប្រកួត ចាប់តាំងពីចូលរួមជាមួយ Bournemouth ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លិប ៤០ លានផោនដោយផ្ទេរមកពី ក្លិប Porto ក្នុងខែសីហា ឆ្នាំទៅ។

សម្រាប់ការឈ្នះទៅលើ Everton នោះដែរ បានធ្វើអោយ Bournemouth បង្កើតកំណត់ត្រាថ្មីរបស់ខ្លួន គឺឆ្លងកាត់ការប្រកួត Premier League ៨ប្រកួតហើយមិនទាន់ចាញ់។

Bournemouth បច្ចុប្បន្នកំពុងឈរលេខរៀងទី៧ក្នុងតារាងពិន្ទុ Premier League មាន៣៣ពិន្ទុ តិចជាងក្រុមចំណាត់ថ្នាក់លេខ៤ Chelsea ចំនួន៣ពិន្ទុ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង