×

ខ្សែបម្រើ Alejandro Garnacho ចង់ចាកចេញពី Man UTD វិលទៅ Atlético Madrid វិញ

ខ្សែបម្រើស្លាប Alejandro Garnacho របស់ Man UTD ត្រូវបានរាយការណ៍ថា មានការខកចិត្តនឹងអាជីពនៅកីឡដ្ឋាន Old Trafford ហើយនឹងបើកចំហរក្នុងការវិលត្រលប់ទៅកាន់ Atletico Madrid វិញ។

កីឡាករអន្តរជាតិអាហ្សង់ទីន មិនបានបង្ហាញគុណផលល្អបំផុតរបស់ខ្លួននៅរដូវកាលនេះទេ បើទោះបីជារូបគេបានលេងជាមួយ Man UTD តាំងពីនៅជាកីឡាករឈុតយុវជន និងបង្ហាញពីសក្តានុពលយ៉ាងខ្លាំងក៏ដោយ។ Garnacho បានចាប់ផ្តើមជាអ្វីដែលអ្នកគាំទ្រត្រូវការសម្រាប់ Man UTD ប៉ុន្តែពួកគេប្រហែលជាមានការខកចិត្តក្រោយពីទម្រង់លេងរបស់កីឡាករមានការធ្លាក់ចុះជាបន្តបន្ទាប់។

យោងតាមសារពត៌មាន TBR Football កីឡាករវ័យ២០ឆ្នាំ មានការខកចិត្តនឹងជីវិតនៅកីឡដ្ឋាន Old Trafford ហើយអាចនឹងបើកចំហរក្នុងការត្រលប់ទៅ Atletico Madrid វិញប្រសិនបើឱកាសកើតឡើង។

ប្រភពដដែលអោយដឹងថា Garnacho និងកីឡាករផ្សេងទៀតដូចជា Kobbie Mainoo អាចត្រូវបានដាក់លក់ ក្នុងអំឡុងពេលហិរញ្ញវត្ថុដ៏លំបាកសម្រាប់ក្លិបបិសាចក្រហម។

យ៉ាងណា បើតាមអ្នកវិភាគបាល់ទាត់នៅក្របខណ្ឌ Premier League ជាច្រើនរូបអះអាងថា Alejandro Garnacho អាចនឹងឆ្លងកាត់ទម្រង់លេងដ៏លំបាកបន្តិច ប៉ុន្តែ Man UTD ត្រូវមានការអត់ធ្មត់មុនសម្រេចចង់បញ្ចេញរូបគេទៅកាន់ក្លិបដទៃ។ Man UTD អាចនឹងមានការសោកស្តាយ បើពួកគេមានប្រតិកម្មខ្លាំងពេកចំពោះការភ្លាត់ស្នៀតបណ្ដោះអាសន្នរបស់ Garnacho ខណៈដែលរូបគេ នៅតែត្រូវបានមើលឃើញថា ជាកីឡាករដែលអាចបន្តអាជីពនៅក្នុងកម្រិតខ្ពស់បំផុត។

យ៉ាងណា បញ្ហានេះ អាស្រ័យលើ គ្រូបង្វឹក Man UTD លោក Ruben Amorim ដែលនឹងមានគំនិតយុទ្ធសាស្ត្រជាក់លាក់ផ្ទាល់ខ្លួន ដែលប្រហែលជាមិនស័ក្កសមសម្រាប់ Alejandro Garnacho ។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់មានទំនោរក្នុងការលេងទម្រង់ ៣-៤-៣ ហើយ Alejandro Garnacho មិនមែនជាខ្សែការពារស្លាប ឬខ្សែប្រយុទ្ធស្រួចនោះទេ ដូច្នេះទម្រង់នេះប្រហែលជាមិនធ្វើអោយ Garnacho អាចស្នាក់នៅកីឡដ្ឋាន Old Trafford យូរទៀតនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង