
ខ្សែការពារ Harry Maguire របស់ Man UTD ត្រូវបានរដ្ឋអាជ្ញាអង់គ្លេស ធ្វើការដាក់ពិន័យ មិនអោយបើកបររថយន្តរយៈពេល៥៦ថ្ងៃ ដោយសាររូបគេបានប្រព្រឹត្តល្មើសច្បាប់ដោយបើកហួសល្បឿនកំណត់ ដល់ទៅ២ដង ត្រឹមរយៈពេល៣ថ្ងៃ។
កីឡាករវ័យ៣១ឆ្នាំ ត្រូវបានដឹងថា បានបើកបររថយន្តទំនើបម៉ាក Range Rover របស់គេ ក្នុងល្បឿនដល់ទៅ ១៣៦គីឡូម៉ែត្រ ក្នុងមួយម៉ោង នាតំបន់ Wilmslow Road ដែលជាទីតាំងនៃផ្លូវអាកាសយានដ្ឋានទីក្រុង Manchester ។ Harry Maguire ត្រូវចាប់បានដោយម៉ាស៊ីនវាស់ល្បឿនកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ រយៈពេល២ថ្ងៃបន្ទាប់ពីក្រុម Man UTD របស់គេ បានប្រកួតចាញ់ក្រុមរួមទីក្រុង Man City ដោយលទ្ធផល ៣-១ នៅជំនួបក្របខណ្ឌ Premier League រដូវកាលកន្លងទៅ។បន្ទាប់ពីនោះនៅថ្ងៃទី៧ ខែមីនាដដែល កីឡាករអង់គ្លេសរូបនេះ ត្រូវចាប់បានម្តងទៀតពីការបើកបរក្នុងល្បឿនដល់ទៅ១១០គីឡូម៉ែត្រក្នុងមួយម៉ោងនាទីក្រុង Sheffield។
នេះវាមានន័យថា Maguire ដែលកំពុងមានពិន្ទុមិនល្អរួចហើយនៅលើប័ណ្ណបើកបររបស់ខ្លួនតាំងពីឆ្នាំ២០២១នោះ បានប្រឈមនឹងការដកហូតប័ណ្ណបើកបរសម្រាប់រយៈពេល៦ខែ ប៉ុន្តែ ក្រោយការបង្ហាញខ្លួននៅតុលាការដើម្បីសារភាពទោសកំហុស ទើបការពិន័យត្រូវបន្ថយមកត្រឹមរយៈពេល ៥៦ថ្ងៃវិញហើយត្រូវបង់ផាកពិន័យជាទឹកប្រាក់ប្រមាណ១ពាន់ផោនផងដែរ។
ដោយឡែក Harry Maguire នៅរដូវកាលនេះ ត្រូវបានដឹងថា បានប្រឹងប្រែងជួយ Man UTD ក្នុងការប្រកួត ប៉ុន្តែពួកគេនៅតែមានលទ្ធផលមិនសូវល្អនោះទេ ដោយនៅក្នុងការប្រកួតក្របខណ្ឌ Premier League ក្រុមរហស្សនាមបិសាចក្រហម នៅឈរលេខ១៣ក្នុងតារាងពិន្ទុ ក្រោយឆ្លងកាត់ ២០ប្រកួត ឈ្នះ ៦ ស្មើ៥ ចាញ់៩។ យ៉ាងណា នៅក្នុងការប្រកួតពានទី២អឺរ៉ុប UEFA Europa League វិញ Man UTD ធ្វើបានល្អគួរសម ដោយ ៦ ប្រកួតកន្លងមក ពួកគេឈ្នះ៣ ស្មើ៣ មាន១២ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៧។ ទន្ទឹមនឹងនេះ Man UTD ក៏កំពុងត្រៀមខ្លួនធ្វើការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ដោយត្រូវប៉ះ Arsenal នៅកីឡដ្ឋាន Emirates នៅចុងសប្តាហ៍នេះ៕